ក្រសួងការពារជាតិ ប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកដើម្បីតម្កល់ជាទីសក្ការៈបូជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមក បច្ចុប្បន្នកាល និងទៅអនាគតកាល។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសូងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ថ្ងៃនេះស្របនឹងឱកាសដ៏នក្ខត្តឬក្សចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិនិងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ សូមរំលឹកថា ក្រោយពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា ទៀ បាញ់ គឺបានរៀបចំគម្រោងផែនការសាងសង់ តាមជំហានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។

ការសាងសង់នេះ បែងចែកជា៣ដំណាក់កាល រួមមាន៖

*ជំហាន១៖ សមិទ្ធផលកើតឡើងក្នុងការរៀបចំពិធីរំលឹកខួបលើកទី៤៣ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំផ្ទាល់ និងមកបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយបានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ក្នុងនោះរួមមាន៖ វេទិកាទំហំ ៦,១ម៉ែត្រគុណ៤៧ម៉ែត្រ ១ខ្នង, បន្ទប់អនាម័យខាងក្រោយវេទិកា ២បន្ទប់, សាលាដំណាក់ ១ខ្នង ទំហំ៦,១ម៉ែត្រគុណ១៩,៦ម៉ែត្រ, បន្ទប់អនាម័យសាធារណៈ ១ខ្នង មានទំហំ៣,៥ម៉ែត្រគុណ២១ម៉ែត្រ, ការបំពាក់ក្បាច់ហោជាងនៅសាលាដំណាក់ និងវេទិកា, ការងារធ្វើរបងព័ទ្ធជុំវិញកន្លែងប្រារព្ធពិធី។ ការងារចាក់ដី និងចាក់ថ្មម៉ិច, ជីកស្រះទឹក, ការងារចាក់ប៉េតុងធ្វើជើងទេរស្រះទឹក, ការងារដាក់លូរំដោះទឹក, ការងារចាក់ដី និងកឹនបង្ហាប់ ទីតាំងសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម, ការងារដឹកដីចាក់ក្នុងរណ្តៅដាំកូនឈើក្នុងបរិវេណកន្លែងប្រារព្ធពិធី។ ការសាងសង់តារាងបាល់ទាត់ ទំហំ៦៤ម៉ែត្រគុណ១១០ម៉ែត្រ, ដាំកូនឈើធ្វើស៊ុម, ការងារចាក់លូប៉េតុង, ការងារជីក ចាក់ប៉េតុងគ្រឹះជើងបំពាក់បង្គោលនិងអំពូលសូឡាចំនួន៥០ដើម។ គម្រោងទី១នេះ ប្រើប្រាស់ថវិកាសរុប១.៥៣៥.៧៥៨,១២ដុល្លារ បានទូទាត់រួចរាល់១០០%។

*ជំហានទី២៖ រួមមាន ៤ផ្នែកផ្សេងៗ៖ ផ្នែកទី១ ការងារសាងសង់អគារក្នុងនោះមានអគារមិត្តភាពកម្ពុជា-

វៀតណាម ១ខ្នង ទំហំ១៨ម៉ែត្រគុណ៦៣ម៉ែត្រ កម្ពស់២ជាន់ សាងសង់បានប្រមាណ៨០%, ការងារសាងសង់ប្រាង្គ ព្រះអង្គគោកធ្លក និងខឿនជុំវិញ សាងសង់បានប្រមាណ៩០%, បន្ទប់អនាម័យខាងក្រោយសាលាដំណាក់ សាងសង់បាន៨០%, ការងារក្រាលម៉ាបបាន៩០%, បន្ទប់ជាន់ផ្ទាល់ដីអគារមិត្តភាពកម្ពុជា-វៀតណាម មានបន្ទប់សវនាការ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់ភាពយន្ត និងបន្ទប់ការិយាល័យ សាងសង់បានប្រមាណ៧០%, ខួងអណ្ដូងទឹកចំនួន២កន្លែង។ ការងារចម្លាក់រូបនាគធ្វើអំពីថ្មភក់បានប្រមាណ៧០%។ ការចាក់ប៉េតុងធ្វើផ្លូវនៅខាងមុខវេទិកាបាន៣០% និងខាងមុខអគារមិត្តភាពចាប់អនុវត្តដើមខែមេសាខាងមុខនេះ, ការងារចាក់លូប៉េតុងអនុវត្តបាន៤០%, លូរំដោះទឹក, ការដឹកដីចាក់ដាំកូនឈើបាន១០%, ការបំពាក់អំពូលភ្លើងតាមផ្លូវ ការងារនេះមិនទាន់ទទួលបាន សម្រេចអំពីទីតាំង, ការបំពាក់អំពូលភ្លើងតាមទីធ្លាអគារមិត្តភាព និងប្រាង្គ ត្រៀមចំនួន៥២អំពូល បច្ចុប្បន្នរៀបចំបាន៨អំពូល, រៀបចំបណ្តាញអគ្គិសនីភ្ជាប់ទៅប្រាង្គ, ផ្ទាំងសិលាចារឈ្មោះសប្បុរសជន។

ជំហានទី២នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២.២៦១.០៧៥,៨៨ដុល្លារ ក្នុងនោះបានទូទាត់រួចចំនួន ៩៤៣.៤៨៥ដុល្លារ នៅខ្វះថវិកាចំនួន ១.៣១៧.៥៩០,៨៧ដុល្លារ។

*ជំហានទី៣៖ ផែនការសម្រាប់អនុវត្តបន្តចែកចេញជា៤

ផ្នែករួមមាន៖ ផ្នែកA ការងារបំពាក់គ្រឿងសង្ហារឹមនៅអគារមិត្តភាពកម្ពុជា វៀតណាម, ដំឡើងជញ្ជាំងខ័ណ្ឌចម្លាក់ជាន់ទី១, បំពាក់រូបពិព័រណ៌រូបភាព, បំពាក់ស្គីន LED បន្ទប់ប្រជុំជាន់ទី១, បំពាក់ស្គីន LED បន្ទប់ជាន់ផ្ទាល់ដី, បំពាក់តុ កៅអី…។ ផ្នែកB ការងារក្រាលម៉ាប, រៀបខឿន, រៀបចំសួន, ដាំស្មៅ។ ផ្នែកC សាង

សង់អគារស្នាក់នៅសម្រាប់កងសន្តិសុខ ទំហំ១២

ម៉ែត្រគុណ៤៥ម៉ែត្រចំនួន១ខ្នង, ផ្ទះបាយសម្រាប់កងការពារសន្តិសុខ ទំហំ៣,៦ម៉ែត្រគុណ២១ម៉ែត្រ ចំនួន១ខ្នង, សាងសង់បន្ទប់អនាម័យរួមនៅខាងក្រៅអគារមិត្តភាព ១ខ្នង ទំហំ៣,៩ម៉ែត្រគុណ២១ម៉ែត្រ, បំពាក់ចង្ក្រាន។ ផ្នែកD សាងសង់របងថ្មផ្នែកខាងក្រោយ និងផ្នែកខាងលិចនៃបរិវេណអគារមិត្តភាព (ថ្មភ្នំធំកម្ពស់១,៦ម៉ែត្រ)។ ជំហានទី៣នេះ គម្រោងចំណាយថវិកាសាងសង់សរុប ១.០៣៧.០៨៩,៨៧ដុល្លារ។

២-អត្ថន័យព្រះអង្គគោកធ្លកផ្អែកលើមូលដ្ឋាន៣សំខាន់៖

*ទី១៖ មូលដ្ឋានវប្បធម៌៖ ខ្មែរយើងបានកាន់ព្រះពុទ្ធសាសនា តាំងពីសម័យនគរគោកធ្លក ហើយព្រះអង្គគោកធ្លក គឺជាព្រះពុទ្ធរូបដែលមានប្រក់នាគក្បាល៧។ នាគប្រក់ មានអត្ថន័យថា «ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ៖ ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្តែងអការៈគោរពព្រះអង្គពេញ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចហើយ»។

*ទី២៖ មូលដ្ឋានប្រវត្តិសាស្ត្រ៖ នគរខ្មែរដំបូង គឺនគរគោកធ្លក ចាប់ពីឆ្នាំ២៦៧មុន គ.ស. និងរាជពង្សាវតារភាគដំណាលសរសេរថា «មានដើមធ្លក១ដើមដុះកណ្ដាលកោះមានមែកលូតលាស់ស្រស់សាខា…, ព្រះពុទ្ធនិមន្តមកកោះគោកធ្លកជាមួយព្រះអានន្ន ជាសាវ័ក សម្ដេចជិនស្រីចូលឈប់ក្រោមម្លប់ដើមធ្លកនោះ…, ព្រះពុទ្ធបាននិមន្តផ្ទាល់ព្រះអង្គមកគង់នៅលើកោះគោកធ្លក ដោយមានស្តេចនាគ ព្រះឥន្ទ ទេវតា និងមនុស្សកុះករមកស្តាប់ធម្មទេសនាយ៉ាងឱឡារិក…»។ ខ្លឹមសារដើមនៃពុទ្ធទំនាយគឺ៖ «ទ្រង់ទំនាយថា អំណើសតទៅមុខ កោះគោកធ្លកនេះ នឹងដុះដីធំទូលាយសប្បាយក្សេមក្សាន្តបានកើតមហានគរមួយ….»។

*ទី៣៖ មូលដ្ឋានទស្សនវិជ្ជា៖ ព្រះអង្គគោកធ្លកដែលត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៨) មានបង្កប់នូវការផ្តល់តម្លៃលើ «ព្រះពុទ្ធសាសនា និងជនជាតិខ្មែរដើម(នាគ)» និងបង្កប់នូវមូលដ្ឋានទស្សនវិជ្ជា ដែលមានពីរចំណុចគឺ និរន្តរភាព (បន្តទៅមុខជានិច្ច) និងសុខដុមភាព (ក្នុងមហាគ្រួសារខ្មែរ)។

ការកសាងព្រះអង្គគោកធ្លកដែលមាននាគក្បាល៧ គឺនាគខ្មែរ៖ នាគក្បាល៧ តំណាងមួយសប្តាហ៍ (ច័ន្ទ អង្គារ ពុធ ព្រហស្បត្តិ សៅរ៍ អាទិត្យ)។ លេខ៧ ស្របជាមួយនឹងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមាន៧ដំណាក់កាល ក្នុងដំណើរយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ (សម្ដេចតេជោកើតនៅឆ្នាំរោង) ហើយលេខ៧នេះ ក៏ជាថ្ងៃជ័យជម្នះប្រវត្តិសាស្ត្រផងដែរ។ ការសាងសង់នៅតំបន់ X-16 មានសាងសង់ស្រះទឹកមួយ និងសាងសង់នាគព័ទ្ធជុំវិញស្រះទឹក នាគរាជនោះ បែរមុខទៅរកប្រាង្គតម្កល់ព្រះអង្គគោកធ្លក ស្របនឹងរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្ដែងអការៈគោរពព្រះអង្គពេញ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចហើយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online