ក្រសួងទេសចរណ៍ព្រមានដល់អាជីវកម្មទេសចរណ៍ដែលធ្វើសកម្មភាពរបស់ខ្លួនដោយ គ្មានអាជ្ញាបណ្ណទេសចរណ៍ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ជាធរមាន

ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុងមក អាជីវកម្មទេសចរណ៍បានបន្តបើកទ្បើងវិញជាបន្តបន្ទាប់ និងមានសកម្មភាពល្អប្រសើរ។

ទន្ទឹមនេះ ក្រសួងទេសចរណ៍បានសង្កេតឃើញថាមានការលេចទ្បើងវិញផងដែរនូវការប្រកបអាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីលោក-លោកស្រីជាម្ចាស់អាជីវកម្មទេសចរណ៍ និងទេសចរជាតិ អន្តរជាតិក្នុងកិច្ចសហការប្រកបអាជីកម្មជាមួយអាជីវកម្មទេសចរណ៍ទាំងនោះ ។ ក្នុងន័យនេះក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម៖

១. មុននឹងប្រើប្រាស់សេវាកម្ម ឬផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍និងទេសចរជាតិ អន្តរជាតិទាំងអស់ត្រូវសួររកអាជ្ញាបណ្ណទេសចរណ៍ ដោយធ្វើការស្គេន QR Code នៅលើសន្លឹក អាជ្ញាបណ្ណទេសចរណ៍ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវជាមុនសិន។

២. ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះស្នាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹក ជញ្ជូនទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធកក់សំបុត្រយន្តហោះ (Ground Distribution System) និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់មិនត្រូវចុះហត្ថលេខា ឬផ្តល់កិច្ចសហការផ្គត់ផ្គង់សេវាកម្ម ទេសចរណ៍ ឬអនុញ្ញាតផ្តល់ប្រព័ន្ធកក់សំបុត្រដល់ការីទេសចរណ៍និងភ្នាក់ងារទេសចរណ៍ណា ឬ បុគ្គលណាម្នាក់ដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍នោះឡើយ។

៣. ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធកក់សំបុត្រយន្តហោះ (Ground Distribution System) ត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬហានិភ័យផ្សេងៗ ក្នុងករណីផ្តល់ កិច្ចសហការជាមួយដៃគូផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឬបុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍។

៤. ចំពោះលោក-លោកស្រី ដែលកំពុងធ្វើអាជីវកម្មជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍ដោយ គ្មានអាជ្ញាបណ្ណទេសចរណ៍ ហើយកំពុងមានសកម្មភាពផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានា ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឬអាចស្នើសុំដោយផ្ទាល់តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(CamDx) ដែលមានគេហទំព័រ mot.registrationservices.gov.kh។ ក្នុងករណីនៅតែបន្តសកម្មភាពអាជីវកម្មទេសចរណ៍ដោយ គ្មានអាជ្ញាបណ្ណទេសចរណ៍ទៀត លោក-លោកស្រីនឹងត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ជាធរមាន៕