ក្រសួងធនធានទឹក បានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង០៣ទីតាំង គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាព

នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព នៃគម្រោងការពារច្រាំងទន្លេមេគង្គ ចំនួន ០៣ ទីតាំងដូចខាងក្រោម៖

១. គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៥០០ ម៉ែត្រ ស្ថិតនៅឃុំជីរោទិ៍១ និងឃុំរការធំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាពរយៈពេល ៦ខែ។

២.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១.៩៥០ ម៉ែត្រ ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ជំហានទី២) ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាពរយៈពេល ៦ខែ។

៣.គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៧០០ ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយធ្វើការរៀបបាវ Geotextile Bags ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ក្រោយបញ្ចប់សុពលភាពរយៈពេល ៦ខែ។

ជារួមក្រុមការងារ បានពិនិត្យវាយតម្លៃឃើញថា គម្រោងការពារច្រាំងទន្លេទាំង០៣ទីតាំងខាងលើ គឺត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ ៕