ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការស្ថានីយប្រេងឥន្ធនៈលក់លើសតម្លៃកំណត់ និងផ្អាកលក់ទុកប្រេងលក់ឡើងថ្លៃ
រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈណាដែលលក់លើស តម្លៃដែលក្រសួងបានកំណត់នឹងត្រូវផ្អាកការលក់បណ្តោះអាសន្ន ។
ដើម្បីទុកប្រេងលក់ដំឡើងថ្លៃ នាពេលខាងមុខ បន្ទាប់ពីក្រសួងរកឃើញថា មានស្ថានីយប្រេងឥន្ធនៈមួយចំនួន ដែលភាគច្រើន នៅតាមបណ្តាខេត្តនានា បានប្រព្រឹត្តបែបនេះ។
នេះយោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ដោយពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តលក់ជាធម្មតា ដែលភាគច្រើនមានទីតាំងនៅកណ្តាល រាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួនដែលភាគច្រើននៅតាមដងផ្លូវ ក្រៅពីទីរួមខេត្ត ឬទីរួមស្រុកបានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃប្រេងឥន្ធនៈមុនការកំណត់ ។
ទន្ទឹមនឹងនេះដែរ ក្រសួងបានស្នើឱ្យអភិបាលខេត្តទាំងអស់ ជួយជំរុញឱ្យដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនទាំងនោះអនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្តល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានី-ខេត្ត មន្ត្រីពាណិជ្ជកម្មរាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធ ។
លិខិតរបស់ក្រសួងបានបញ្ជាក់ថា «សូមមេត្តាចូលរួមសហការ និងចាត់វិធានការណ៍ ចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជន ឱ្យអនុវត្តតាមគោលការណ៍ដែលបានកំណត់ ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នេះបានបង្ហាញតម្លៃប្រេងឥន្ធនៈលក់រាយ តែ ៥៣០០ រៀលក្នុងមួយលីត្រ សម្រាប់ប្រភេទសាំងធម្មតា ។ ពោលគឺឡើង ៥០០ រៀលក្នុងមួយលីត្រ ពី ៤៨០០ រៀល ទៅ ៥៣០០ រៀលក្នុងលីត្រ ។
ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ឡើងចំនួន៥០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ (ឡើងចំនួន៨០០រៀល)។
ការព្រមានរបស់ក្រសួងពាណិជ្ជកម្មនេះបានធ្វើឡើង បន្ទាប់ពីមានស្ថានីយ៍ប្រេងមួយចំនួនត្រូវបានគេរាយការណ៍មកថា បានលក់ប្រេងលើសតម្លៃដែលក្រសួងបានកំណត់ និងស្ថានីយ៍មួយចំនួនទៀតបិទមិនព្រមលក់ប្រេងឲ្យឡើយ ៕