ក្រសួងសុខាភិបាល គ្រោងលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា សន្និបាតរបស់យើងនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ ដូច្នេះសូមសមាជិកសមាជិកាក្នុងអង្គសន្និបាតទាំងអស់ ត្រូវយកចិត្តទុកដាក់ពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីរកឱ្យឃើញនូវបទពិសោធន៍ និងដំណោះស្រាយល្អៗសម្រាប់យកទៅអនុវត្តបន្តឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីបុព្វហេតុនៃការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាមនិងជំងឺដង្កូវព្រូន ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ពិសេសជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូមឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានរៀបចំឡើងនៅខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ដោយមានអ្នកចូលរួមចំនួន​ជាង២០០នាក់ ដោយផ្ទាល់ និងចូលរួម តាម​រយៈ​​ប្រព័ន្ធអនឡាញ(Zoom)ពីអង្គសន្និបាត​នេះទៅកាន់សណ្ឋាគារសោមាទេវី និងសណ្ឋាគារសុខាល័យអង្គរ ដែលមានមន្ត្រីសុខាភិបាលនៅទីនោះ ។

ឯកឧត្តមសាស្រ្តាចារ្យ បន្តថា ការរកឃើញជំងឺគ្រុនចាញ់ គឺត្រូវព្យាបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមជាមួយនឹងតាមដានគ្រប់ករណីជំងឺគ្រុនចាញ់ទាំងអស់ រួមទាំងផ្តល់នូវមធ្យោបាយការពារផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាព ឲ្យបានយ៉ាងហោចណាស់ ៩០ភាគរយ ក្នុងចំណោមប្រជាជនដែលមានហានិភ័យខ្ពស់ ហើយបន្ថែមពីនេះ ក៏ត្រូវពង្រឹងការអង្កេតតាមដានជំងឺគ្រុនចាញ់របស់កម្មវិធី ជាតិ និងប្រព័ន្ធតាមដាន និងវាយតម្លៃដែលសមស្រប សម្រាប់សកម្មភាពលុបបំបាត់ និងកំចាត់ជំងឺគ្រុនចាញ់ រួមទាំងការទប់ស្កាត់ការកើតមានឡើងវិញនៃជំងឺគ្រុនចាញ់ផងដែរ ហេតុនេះ អ្វីដែលត្រូវយកចិត្តទុកដាក់ទៀតនោះ គឺការលើកកម្ពស់សមត្ថភាពមន្រ្តីសុខាភិបាល ដើម្បីគ្រប់គ្រង ពង្រឹងសកម្មភាព ធានានិឲ្យបាន និរន្តរភាពនៃកិច្ចខិតខំ ប្រឹងប្រែងក្នុងការកំចាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាពិសេសនៅថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ៕

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ដើម្បីសម្រចបានតាមគម្រោងការនេះ យើងត្រូវពង្រឹងអំពីនៃការគ្របដណ្តប់ផ្តល់មុងជ្រលក់ជូនដល់ប្រជាជនចល័ត និងជនចំណាកស្រុកឱ្យបាន១០០ភាគរយ ជាពិសេសអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័ត ដោយជួយណែនាំឱ្យប្រជាពលរដ្ឋដែលចល័តចូលព្រៃ ត្រូវតែប្រើប្រាស់មុងឱ្យបានគ្រប់ៗគ្នា និងត្រូវពង្រឹងវិសាលភាពព្យាបាលជំងឺវីវ៉ាក់ដោយប្រើថ្នាំហ្រ្វីវ៉ាគីន ដូច្នេះក្នុងឱកាសនេះ សូមឲ្យក្រុមការងារប្រយុទ្ឋប្រឆាំងនឹងជំងឺទាំងបីប្រភេទ អាជ្ញាធរពាក់ព័ន្ឋ រួមទាំងអង្គការដៃគូរផងដែរ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩បំលែងថ្មីអូមីក្រុង គឺរួមគ្នាបន្តប្រយុទ្ឋទប់ស្កាត់ ការពារការចម្លងជំងឺគ្រប់ប្រភេទ ត្រួតពិនិត្យឱ្យទាន់ពេលវេលា នូវវិធីសាស្ត្ររកឱ្យឃើញ និងផ្តល់ថ្នាំព្យាបាល។

បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា ផ្អែកតាមលទ្ធផលការងារ និងសមិទ្ធផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន បាននឹងកំពុងទទួលបានដំណើរការអភិវឌ្ឍន៍ជោគជ័យជាបន្តបន្ទាប់ ក្នុងយន្តការប្រតិបត្តិការកាន់តែរលូនល្អប្រសើរ មានគុណភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់ធានាបាននូវនិរន្តរភាព និងសកម្មភាពការងារ ក្រោមគោលការណ៍ប្រកាន់ខ្ជាប់នូវភាពជាម្ចាស់នៃការដឹកនាំ មានភក្តីភាព សាមគ្គីភាព តស៊ូអត់ធ្មត់ និងឆន្ទៈទទួលខុសត្រូវខ្ពស់ ពីគ្រប់សំណាក់អ្នកអនុវត្ត និងអ្នកចូលរួមគាំទ្រពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។

លោក ហ៊ុយ រ៉េកុល បន្តថា ការចូលរួមចំណែកទទួលខុសត្រូវទាំងនេះ នឹងនៅតែកើតមានជាបន្តបន្ទាប់សម្រាប់រាល់ការងារវិនិយោគប្រតិបត្តិការលើកម្មវិធីជាតិទាំងបី ក្នុងទិសដៅកាត់បន្ថយអត្រាឆ្លង អត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ពិសេសឈានឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់ និងជំងឺស៊ីស្តូ នាឆ្នាំ២០២៥ ដែលជាជ្រុងមួយនៃការចូលរួមចំនែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលកំពុងរស់នៅយ៉ាងសប្បាយរីករាយក្នុងបរិបទសេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ វឌ្ឍនភាព និងសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឆ្នើម និងត្រឹមត្រូវ ប្រកបទៅដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានបង្ហាញថាសម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សរុបក្នុងឆ្នាំ២០២១ មានចំនួន ៤.២៧៩ករណី ថយចុះចំនួន ៥៤ភាគរយ បើប្រៀបធៀបឆ្នាំ២០២០ ខណៈករណីស្លាប់ដោយសារជំងឺគ្រុនចាញ់គឺសូន្យតាំងពីឆ្នាំ២០១៨មក បានន័យថា សម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់ ៣ឆ្នាំមុនគោលដៅឆ្នាំ២០២០។

សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម គឺ នៅឆ្នាំ២០២១ ជំងឺគ្រុនឈាមមានចំនួនសរុប ១.៩០៣ករណី ក្នុងនោះឈឺស្លាប់ ចំនួន៨នាក់ ស្មើនឹង ០,១ភាគរយ ថយចុះប្រហែល៥ដង និង អ្នកស្លាប់ថយចុះចំនួន៥០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ១១.៩៧៧ករណី និងស្លាប់ ១៦នាក់ ហើយករណីកើតជំងឺគ្រុនឈាមច្រើនជាងគេក្នុងឆ្នាំ២០២១ មានខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

ដោយឡែក សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន អត្រាស្លាប់របស់កុមារនិងមាតា តាមរយៈយុទ្ធសាស្រ្តជាតិប្រយុទ្ធនិងគ្រប់គ្រងជំងឺដង្កូវព្រូន ក្នុងទិសដៅលើកកំពស់សុខភាពរបស់ប្រជាជនប្រឈមនឹងជំងឺដង្កូវព្រូនស៊ីស្តូ ព្រូនជើងដំរី ព្រូនឆ្លងតាមដី និងដង្កូវព្រូនពោះវៀនដទៃទៀត ប្រកបដោយនិរន្តរភាព ៕