ក្រុង​សេអ៊ូល៖ ​កូរ៉េខាងជើង​ ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អាមេរិក​ និង​ កូរ៉េខាងត្បូង

ក្រុងសេអ៊ូលៈ នៅក្នុង​សម្លៀកបំពាក់ និង​មួក​រោមសត្វ​ពណ៌​ខ្មៅ ដៃ​ទាំង​ ២ ​កាន់​កែវយឹត​យ៉ាង​ណែន​នោះ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង អ៊ុន បាន​ត្រួត​ពិនិត្យមើល​ការធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ ចុងក្រោយ​បំផុត​របស់​លោក​ជា​វិធានការ​មួយ​ដែល​ក្រុង​សេអ៊ូល​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា កូរ៉េខាងជើង​មានបំណង​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អាមេរិក និង​កូរ៉េខាងត្បូង​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា លោក​ គីម ជុងអ៊ុន​ «​បាន​ណែនាំ​ឲ្យ​ធ្វើ​សមយុទ្ធ​វាយប្រហារ​កាំភ្លើង​ធំ​ចម្ងាយ​ឆ្ងាយ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​» បាន​ ១ ​ថ្ងៃ​ក្រោយពី​ប្រទេស​ជប៉ុន​បាន​ថ្លែងថា ក្រុង​ព្យុងយ៉ាង​បាន​បាញ់​ជា​អ្វីដែល​បាន​បង្ហាញថា ជា​ការបាញ់​មីស៊ីល​បាលីស្ទិក​នោះ​។

ក្រុមអ្នកវិភាគ​បាន​ថ្លែងថា ប្រទេស​កូរ៉េ​ខាងជើង​បាន​កំពុង​បន្ត​កែលម្អ​សមត្ថភាព​អាវុធ​របស់ខ្លួន​អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ ក្រោយពី​ជំនួប​កំពូល​មួយ​នៅ​ទីក្រុង​ហាណូយ​រវាង​លោក​ គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បរាជ័យ​។

រូបភាព​ជាច្រើន​បាន​ថត​ដោយ​កាសែត​ស៊ីនម៉ុន រ៉ូដុង ​ផ្លូវការ​បានបង្ហាញ​អំពី​ការបាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់​ចេញពី​ប្រភេទ​ជើង​ទម្រ​នីមួយៗ ដែល​មាន​រ៉ុក្កែត​ ៤ ​គ្រាប់​ដោយបាន​វាយប្រហារ​ជា​អ្វីដែល​បាន​បង្ហាញថា កំណត់​គោលដៅ​តម្រង់​ទៅលើ​កោះ​មួយ​។

រូបភាព​ជាច្រើន​ផ្សេងទៀត​បានបង្ហាញ​អំពី​ការបាញ់​កាំភ្លើង​ធំ និង​មីស៊ីល​មាន​សមត្ថភាព​ខ្សោយ​ជាង​មុន​អស់​ជាច្រើន​គ្រាប់​។

លោក​ គីម ជុងអ៊ុន ដែល​បាន​ស្លៀក​ពាក់អាវ​គគីរ​យោធា​ធំ​ ១ ​ឈុត និង​ពាក់មួក​រោមសត្វ​តាមរបៀប​ជនជាតិ​រុស្ស៊ី​ដែល​បាន​មើល​ចេញពី​លេណដ្ឋាន​នៅ​ជិត​ការិយាល័យ​មួយ​ក៏​មាន​ការពាក់​ម៉ាស់​ពណ៌​ខ្មៅ​ផង​ដែរ​។

ក្រុង​ព្យុងយ៉ាង​បាន​បិទ​ព្រំដែន​របស់ខ្លួន និង​ដាក់​ស្ថានការណ៍​យ៉ាង​ម៉ឺងម៉ាត់ ខណៈ​ខ្លួន​បាន​ស្វះស្វែង​រក​មធ្យោបាយ ដើម្បី​បញ្ចៀស​ការផ្ទុះ​ឆ្លង​មេរោគ​កូរ៉ូណា​ផ្លូវដង្ហើម​នៅ​ទូទាំង​ពិភពលោក​។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ការធ្វើ​សមយុទ្ធ​បាញ់​រួម​ម្តង​ ៣ ​គ្រាប់​លោក​ គីម ជុងអ៊ុន បាន​ត្រួត​ពិនិត្យមើល​កាលពី​ ២ ​អាទិត្យ​មុន​គឺជា​សកម្មភាព​ទាក់ទង​ទៅនឹង​យោធា​ដំបូង​របស់លោក​នៅ​ឆ្នាំនេះ​។

ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​នេះ​គឺជា​ការធ្វើ​សមយុទ្ធ​ដើម្បី​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ និង​ខាងក្រៅ ដោយ​បាន​ធ្វើ​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង​ចាប់អារម្មណ៍​លើ​សមត្ថភាព មីស៊ីល​របស់​ខ្លួន និង​ការដាក់​សម្ពាធ​ឲ្យ​ពួកគេ​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបថ​»​។

ប្រទេស​កូរ៉េខាងជើង​គឺ​ស្ថិតនៅ​ក្រោម​ការដាក់​សម្ពាធ​ទណ្ឌកម្ម​ពី​អង្គការ​សហប្រជាជាតិ និង​អាមេរិក និង​ទណ្ឌកម្ម​ផ្សេងទៀត​ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​៕

អត្ថបទ៖ https://www.postkhmer.com/