ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៨គ្រឿងក្នុងស្រុកសន្ទុក

ខេត្តកំពង់ធំ: នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ល្ងាច ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយជញ្ជីងប្រាសាទ ស្ថានីយថ្នលកែង និងស្ថានីយខែលជ័យ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យ ១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៨គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ១២តោន ដល់ ២៧តោន។ ក្នុងនោះរថយន្ត ៤គ្រឿងដែលដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ១យប់ ថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ​៕