ក្រុមកីឡាករគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ចូលរួម ប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១

(ភ្នំពេញ) ថ្ងៃអាទិត្យ ១១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជូនកីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ផ្នែកក្បាច់គុនល្បុក្កតោ ចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់២៧ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានការចូលរួមពី ២៧សាលាគុន ដែលមានកីឡាករ-កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ ប្រកួតលើ ២១ប្រភេទវិញ្ញាសា ក្នុងនោះមានវិញ្ញសាសម្ដែងទម្រង់មេគុន១២ ប្រភេទវិញ្ញាសារ បុរស-នារី និងវិញ្ញាសាប្រយុទ្ធ មាន៩ប្រភេទទម្ងន់ បុរស-នារី។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកីឡាករចំនួន ៥នាក់ ស្រីចំនួន ១នាក់ ទៅចូលរួមប្រកួត តំណាងកងពល និងខេត្តបន្ទាយមានជ័យ ជាលទ្ធផល អង្គភាព បានទទួលមេដាយសរុបចំនួន ៣គ្រឿង ក្នុងនោះ មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធចំនួន ១គ្រឿង។

– វិញ្ញាសារប្រយុទ្ធទ ៥៦/៥៨kg ១.អាត ចាន់ឌី ទទួលជ័យជម្នះលេខ ២ មេដាយ ប្រាក់។

-វិញ្ញាសារសម្ដែងសមប្រយុទ្ធបុរស២ និងនារី១ (ក្រុម) ១. វ៉ន. សុក្រស្រីពិសិដ្ធ ២. ធួន. ណារាក់ ៣. ឈួន វិច្ឆិកា (ស្រី) ទទួលបានជ័យជម្នះលេខ២ មេដាយ. ប្រាក់។

-វិញ្ញាសារសម្ដែងនារី (ឯកត្តជន) ទ្វាមេគុនអាវុធឥមុខ ១.ឈួន វិច្ឆិកា ទទួលបានជ័យជម្នះលេខ ៣ មេដាយ សំរិទ្ធ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់កីឡាករគុនល្បុក្កតោ កងពលតូចថ្មើរជើងលេខ៥១ ដែលបានខិតខំអស់ពីសមត្ថភាព នាំមកនូវកិត្តិយសជូនអង្គភាពសម្រាប់ជើងឯកគុនល្បុក្កតោឆ្នាំ២០២១៕