ក្រុមក្មេងអនាថាបង្កភាពអណាធិបតេយ្យនៅក្នុងក្រុងបាត់ដំបងចំនួន ១៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាំទៅកាន់មណ្ឌលស្តារនីតិសម្បទា ពិភពនៃក្តីសង្ឃឹម ស្រុកបវេល
កាលពីថ្ងៃ ចន្ទ ១២កើតខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០២២ វេលាម៉ោង០៩ និង៣០ នាទី យប់ អនុវត្តតាមការចង្អុលដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានជម្រុញដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះរៀបចំនាំយក ក្មេងអនាថា (ហិតកាវ) ដែលក្នុងរយៈពេលកន្លងមក ពួកគាត់បានបង្កភាពស្មគ្រស្មាញជាច្រើនធ្វើឱ្យខូចសណ្តាប់ធ្នាប់ តាមទីសាធារណៈក្នុងក្រុងបាត់ដំបងហើយមានពេលខ្លះពួកគាត់បានប្រព្រឹត្តអំពើមិនគួរគប្បីឬឈានដល់ករណីប្រព្រឹត្តអំពើល្មើសច្បាប់ទៀតផង។ល ។
ក្នុងកិច្ចប្រតិបត្តិការនេះបាននាំពួកគាត់យកមកធ្វើការអប់រំ និងបន្តយកទៅព្យាបាលស្តារនីតិសម្បទា នៅមណ្ឌលពិភព នៃក្តីសង្ឃឹម(ស្រុកបវេល) បានចំនួន ១៣ នាក់។
ក្នុងចំណោមក្មេងអនាថាចំនួន១៣នាក់នេះ បានធ្វើការពិនិត្យតេស្តរហ័ស ស្វែងរកមេរោគកូវីដ-១៩ ប៉ុន្តែជាលទ្ធផល គឺពួកគាត់អវិជ្ជមាន(-) ទាំង១៣នាក់ ។ នៅក្នុងចំណាត់ការបែបនេះ សមត្ថកិច្ចនគរបាល បន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ អនុវត្តជាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាដើម្បីឱ្យស្ថានភាពដែល ធ្លាប់បង្កឡើងដោយក្រុមក្មេងអនាថានេះ បានល្អប្រសើរ នៅក្នុងក្រុងបាត់ដំបង សក្តិសមជាទីក្រុងស្អាតដែល ធ្លាប់តែទទួលបាននូវចំណាត់ថ្នាក់ល្អជារៀងរហូតមក៕