ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម១៩ឆ្នាំបារាំង បានយកឈ្នះក្រុមកម្ពុជា ០៣សេត ទល់០

អគ្គស្នងការនគរបាលជាតិ៖ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ ព្រមទាំងលោកស្រី Sophie Guegan កុងស៊ុល នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកួតមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិបារាំង U-19 នៅសាលបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ការប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងទស្សនិកជនចូលរួមប្រមាណជិត ៥ពាន់នាក់។

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិបារាំង U-19 ធ្វើឡើងដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីឲ្យក្រុមជម្រើសជាតិកម្ពុជា ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ ហើយការប្រកួតនេះទៀតសោតបានប្រព្រឹត្តទៅដោយភាពស្វិតស្វាញ ដោយក្រុមជម្រើសជាតិបារាំង U-19 បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ៣សេតទល់នឹង០៕