ក្រុមហ៊ុន CP​ ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃអាហារកំប៉ុង ដើម្បី​ដាក់លក់នៅតាមសាខាហាង 7-Eleven​ នៅក្នុងប្រទេសកម្ពុជា

នៅ​ព្រឹក​ថ្ងៃសុក្រ​ ទី២១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក​ សោភ័ណ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ ប្រទេស​ថៃ បាន​ដឹកនាំ​មន្ត្រី​ការទូត​ ចុះធ្វើទស្សនកិច្ចសិក្សានៅ​សហគ្រាស KTIS​ Group​ ដែល​ជាក្រុមហ៊ុនកសិឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសថៃ ដើម្បី​ស្វែង​យល់​អំពីការអភិវឌ្ឍខ្សែ​សង្វាក់ផលិតកម្មស្ករស​ និងសារធាតុអេតាណុលដែលចម្រាញ់​ចេញពីដើមអំពៅ។

ដំណើរទស្សនកិច្ចសិក្សា​នេះ ក៏មានការចូលរួមពីលោក​ ករសាក់ ឆៃរស្មីសាក់ (Korsak Chairasmisak) អគ្គនាយកក្រុមហ៊ុន CP​ALL​ Public​ Company​ Limited រួមជាមួយ​ទីប្រឹក្សា​ និងសហការី​ប្រមាណជាង ១០រូប ផងដែរ។

នៅក្នុង​ឱកាស​នោះ​ បន្ទាប់ពីបានស្តាប់បទបង្ហាញ និងផ្លាស់ប្តូរព័ត៌មានគ្នារួច ឯកឧត្តម អ៊ូក​ សោភ័ណ​ បាន​ជម្រាប​ជូនអង្គប្រជុំអំពីយុទ្ធសាស្ត្រថៃបូកមួយ​ (Thai​ Plus-One) និងបានស្នើតំណាងក្រុមហ៊ុនសាជីវកម្មយក្សទាំងពីរ​ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៤០ ធ្វើការពង្រីកប្រតិបត្តិការធុរកិច្ចនៅកាន់ប្រទេសកម្ពុជា ដើម្បី​ទាញយកអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស​ និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (FTA) កម្ពុជា​-ចិន ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងឆ្នាំនេះ។

ជាការ​ឆ្លើយ​តប​ តំណាងក្រុមហ៊ុន KTIS​ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា ចំណែកឯតំណាងក្រុមហ៊ុន CP​ ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃអាហារកំប៉ុង ដើម្បី​ដាក់លក់នៅតាមសាខាហាង 7-Eleven​ នៅក្នុងប្រទេសកម្ពុជា ព្រមទាំង​ទទួលទិញផលិតផលខ្មែរ ដើម្បី​យកមកដាក់លក់នៅក្នុងប្រទេសថៃវិញផងដែរ៕