ក្រុមអ្នកការទូតអឺរ៉ុបធ្វើដំណើរទៅតួកគី និងក្រិក ចំពេលមានវិបត្តិជនភៀសខ្លួន
ក្រុងអ៊ីស្តង់ប៊ុល៖ ប្រទេសអឺរ៉ុបបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅប្រទេស តួកគី និងក្រិក កាលពីថ្ងៃអង្គារនៅចំពេលមានការព្រួយបារម្ភជុំវិញវិបត្តិចំណាកស្រុកថ្មីមួយ និងការចោទប្រកាន់ថា ក្រុងអង់ការ៉ាបានកំពុងព្យាយាមដើម្បី «គំរាម» ក្រុមប្លុកនេះ តាមរយៈការបើកព្រំដែនរបស់ខ្លួន ឲ្យក្រុមជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានស្វះស្វែងរកការភៀសខ្លួនទៅកាន់ប្រទេសអឺរ៉ុប។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ប្រទេស តួកគី ពីបទប្រើប្រាស់ក្រុមជនចំណាកស្រុក និងជនភៀសខ្លួន ជាការធ្វើជំនួញតាមរយៈការជំរុញឲ្យពួកគេធ្វើដំណើរទៅកាន់ព្រំដែនរបស់ប្រទេស ក្រិក ប៉ុន្តែបានរិះគន់ប្រទេសអឺរ៉ុបចំពោះការខកខានមិនបានផ្តល់ជំនួយឲ្យបានច្រើនដល់ក្រុមជនចំណាកស្រុក។
ក្រុមជនភៀសខ្លួនរាប់ពាន់នាក់បានទៅដល់ព្រំដែនប្រទេស ក្រិក ចាប់តាំងពីប្រធានាធិបតីតួកគីលោក រ៉េសិប តៃយីប អេរដូហ្គែន បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនលែងបញ្ឈប់ជនចំណាកស្រុក ដែលបានព្យាយាមចូលទៅប្រទេសអឺរ៉ុបទៀតហើយ។
ក្រោយពីមានការប៉ះទង្គិចគ្នាជាច្រើនលើកយ៉ាងខ្លាំងក្លា ជាមួយប៉ូលិសប្រទេស ក្រិក នៅកន្លែងឆ្លងកាត់ព្រំដែនផ្លូវការកាលពីចុងសប្តាហ៍ ក្រុមជនចំណាកស្រុកបាននិយាយថា ពួកគេត្រូវបានគេកំពុងបំបែកនៅតាមបណ្តោយទន្លេអ៊ីវរូស ដែលខណ្ឌចែកប្រទេសទាំង ២។

ដោយបានទប់ទល់ប្រឆាំងទៅនឹងរដូវត្រជាក់ ក្រុមជនភៀសខ្លួនជាច្រើនបានធ្វើដំណើរទៅតាមខ្សែទឹកដោយគ្មានគោលដៅ ក្នុងការស្វែងរកកន្លែងមានសុវត្ថិភាព ដើម្បីឆ្លងកាត់ព្រំដែនទៅប្រទេសអឺរ៉ុប។
ពួកគេបានប្រឈមមុខជាមួយឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងចេញពីប៉ូលិសក្រិក ខណៈមិនមានការអះអាងអំពីរូបភាពវីដេអូ ដែលបានបង្ហាញក្រុមឆ្មាំសមុទ្រ កំពុងវាយ និងបាញ់ទៅលើក្រុមជនចំណាកស្រុកបានជិះនៅលើទូកយ៉ាងណែនណាន់តាន់តាប់នោះ។
ជនចំណាកស្រុកអាហ្វហ្គានីស្ថានម្នាក់ វ័យ ២១ ឆ្នាំ គឺលោក ស៊ីណានយីលម៉ាស់ បានថ្លែងថា មិត្តភក្តិម្នាក់បានរៀបចំចេញដំណើរទៅប្រទេស ក្រិក ប៉ុន្តែត្រូវបានចាប់ខ្លួនភ្លាមៗដោយប៉ូលិសក្រិកនៅទីនោះ។
លោកបាននិយាយថា៖ «ពួកគេបានយកអ្វីៗគ្រប់យ៉ាងពីពួកគេ ដូចជា លុយកាក់របស់ពួកគេ ស្បែកជើងរបស់ពួកគេ ហើយបានបញ្ជូនពួកគេត្រឡប់មកទីនេះវិញនោះ ជាមូលហេតុដែលយើងមិនត្រូវពិចារណាបញ្ហានេះ រហូតដល់ទ្វារព្រំដែនបានបើកឲ្យជនចំណាកស្រុកចូល»។

ក្រុមអ្នករត់ពន្ធតួកគីបានថ្លែងប្រាប់ AFP ថា បច្ចុប្បន្ន ពួកគេត្រូវបានគេអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដោយសេរី ដោយបានន័យថា តម្លៃបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។
អ្នករត់ពន្ធម្នាក់ ដែលបានប្រាប់ឈ្មោះរបស់គាត់ថាស៊ីមីហ៍ បាននិយាយថា៖ «បញ្ហាតម្លៃដែលក្លាយជាបញ្ហាមួយ បានអនុញ្ញាតចេញពីភាគីតួកគីរបស់យើង។ កាលពីមុនយើងបានប្រើប្រាស់បញ្ហានេះ ដើម្បីយកពួកគេឆ្លងកាត់ព្រំដែន ក្នុងតម្លៃ ២០០ ឬ ៣០០ ដុល្លារ ក្នុងម្នាក់ ហើយបច្ចុប្បន្នយើងយកថ្លៃ ១៥ ដុល្លារ»។
ក្រុមអ្នកការទូតអឺរ៉ុបធ្វើដំណើរទៅតួកគី និងក្រិក ចំពេលមានវិបត្តិជនភៀសខ្លួនលោក អេរដូហ្គែន បានអះអាងថា៖ «ជនភៀសខ្លួនរាប់លាននាក់» អាចនឹងធ្វើដំណើរក្នុងពេលឆាប់ៗនេះចេញពីប្រទេស តួកគី ចូលទៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែបញ្ហានេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីដាក់សម្ពាធក្រុមមេដឹកនាំអឺរ៉ុបឲ្យគាំទ្រយុទ្ធនាការវាយលុកទ្រង់ទ្រាយធំរបស់លោកនៅស៊ីរី៕
អត្ថបទ៖ https://www.postkhmer.com/