ក្រុមឧក្រិដ្ឋជនកុំគិតថាបានប្រេីកម្មវិធីផ្ញេីសារអ៊ីនគ្រីប Encrochat អាចរួចពីក្រញាំដៃក្រុមសមត្ថកិច្ចនោះ!
បច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនជាខ្លាំងដេីម្បីជួយគាំទ្រក្នុងការរស់នៅជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ផ្ទុយទៅវិញការរីកចម្រើននៃបច្ចេកវិទ្យានេះ ក៏បានធ្វេីឲ្យមានបទល្មើសបច្ចេកវិទ្យាកាន់តែច្រើនផងដែរ។
ទាក់ទងនឹងរឿងនេះ មានឧទាហរណ៍មួយនៅសហភាពអឺរ៉ុប ដែលក្រុមឧក្រិដ្ឋជនបានប្រេីកម្មវិធីផ្ញេីសារអ៊ីនគ្រីប Encrochat ដេីម្បីធ្វេីការពិភាក្សាការជួញដូរគ្រឿងញៀន អំពេីឃាតកម្ម និងផែនការចាប់ជំរិតទារប្រាក់ជាដើម។ ដោយសារតែក្រុមឧក្រិដ្ឋជនទាំងនេះគិតថា សាររបស់ពួកគេត្រូវបានអ៊ីនគ្រីប (encrypted) នៅលើឧបករណ៍ហើយនោះ ពួកគេបាននិយាយដោយបេីកចំហ និងចរចារកិច្ចព្រមព្រៀងរបស់ពួកគេយ៉ាងលម្អិតទាក់ទងនឹងបញ្ជីតម្លៃឈ្មោះអតិថិជន ព្រមទាំងឯកសារបញ្ជាក់ចំពោះថ្នាំមួយចំនួនធំ ដែលពួកទាំងនោះបានលក់ ប៉ុន្ដែអ្វីដែលពួកគេពុំបានដឹង គឺក្រុមសមត្ថកិច្ចបានបញ្ចូលកម្លាំងដេីម្បីតាមដាន និងប្រមូលព័ត៌មានពួកគេរួចស្រេចទៅហើយ។
ក្រោយពីបានឃ្លាំមើលអស់ជាច្រើនខែ និងបានប្រមូលសារប្រមាណជាង ១០០លានសារ ដែលបានផ្ញេីតាមរយៈ Encrochat ក្រុមសមត្ថកិច្ចនៃប្រទេសអង់គ្លេស បានតាមចាប់ខ្លួនក្រុមអ្នកចែកចាយគ្រឿងញៀន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំនេះ។ ស្របពេលនេះដែរអាជ្ញាធរបារាំង ក៏បានធ្វេីការជ្រៀតចូលក្នុងបណ្ដាញ Encrochat ដោយបានប្រេីសិទ្ធិក្នុងការតម្លេីងឧបករណ៍បច្ចេកទេសនៅក្នុងនោះ ជាប្រតិបត្តិការលួចស្ដាប់ ហើយតាមដានយ៉ាងស្ងៀមស្ងាត់នូវទំនាក់ទំនងរបស់អ្នកប្រើប្រាស់អស់រយៈពេលជាច្រើនខែមកហើយដែរ។ បន្ទាប់មកទេីបក្រុមអ្នកស៊េីបអង្កេតបានចែករំលែកសារទាំងនោះទៅកាន់ភ្នាក់ងារនានានៅអឺរ៉ុបជាបន្តទៀត ដែលនាំឱ្យមានការចាប់ខ្លួនជាបន្តបន្ទាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រេីបណ្ដាញសង្គមដោយមានការទទួលខុសត្រូវ កុំបង្ហោះឬចែកចាយព័ត៌មានក្លែងបន្លំ និងមិនត្រូវប្រេីប្រាស់បច្ចេកវិទ្យាដេីម្បីប្រព្រឹត្តបទល្មើស។ គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះនាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយរូបភាព និងវីដេអូអាសអាភាសនៅក្នុងបណ្តាញសង្គម Facebook និងបណ្ដាញទំនាក់ទំនង Telegram ហេីយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា