ក្រុម​ឧទ្ទាម​ហ៊ូធី​​​បង្កើន​កិច្ច​ប្រតិបត្តិការ​យោធា​ប្រឆាំង​តំបន់​​នានា ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​

ក្រុង​អាដែន៖ ​​ជន​សកម្ម​ប្រយុទ្ធ​ហ៊ូធី​នៅ​យេម៉ែន​កាល​ថ្ងៃ​អង្គារ​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​ និង​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​​ខេត្ត​ម៉ារីប ​ដែល​សម្បូរ​ដោយ​ប្រេង​នោះ​​។

ការ​បង្កើន​ការ​វាយ​ប្រហារ​របស់​យោធា​ប្រដាប់​អាវុធ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​ប្រឆាំង​ទីតាំង​ឈរ​ជើង​ជាច្រើន​របស់​កងកម្លាំង​រដ្ឋាភិបាល​ នៅ​ជាយ​ក្រុង​ភាគ​ខាង​លិច​នៃ​ខេត្ត​ម៉ារីប​ មាន​ចម្ងាយ ​១៧០ ​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​នៃ​ក្រុង​​សាណា​របស់​ប្រទេស​ យេម៉ែន​។

មន្ត្រី​ម្នាក់​នៃ​កងកម្លាំង​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​កំពុង​កើត​ឡើង​រវាង​កងកម្លាំង​ជាតិ​ និង​ក្រុម​ឧទ្ទាម​ហ៊ូធី​ដែល​កំពុង​ប៉ុនប៉ង​ឈ្លានពាន​យក​ខេត្ត​ម៉ារីប ​ដែល​សម្បូរ​ដោយ​ប្រេង​ពី​ភាគី​ផ្សេងៗ។

លោក​បាន​ថ្លែង​ថា​ អាវុធ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​នោះ​មាន​កាំភ្លើង​ធំ​ដែរ​ ​ត្រូវ​បាន​ប្រើប្រាស់​រវាង​សត្រូវ​សង្គ្រាម​ទាំង ​២ ​​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា ​ដើម្បី​ដណ្តើម​គ្រប់គ្រង​មូលដ្ឋាន​កងទ័ព​របស់​រដ្ឋាភិបាល​នៅ​ជាយ​ក្រុង​ម៉ារីប។

យន្តហោះ​ចម្បាំង​​ជា​ច្រើន​គ្រឿង​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​បន្ត​បន្ទាប់ ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង ​ដើម្បី​គាំទ្រ​កង​កម្លាំង​រដ្ឋាភិបាល​ និង​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​។

Content image - Phnom Penh Post

​​សមាជិក​​​នៃ​កងកម្លាំង​សន្តិ​សុខ​ត្រួ​តពិនិត្យអ្នក​ជិះម៉ូតូ​ជា​ផ្នែក​នៃ​ការរឹតបន្តឹ​ង​សន្តិសុខ។AFP

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​ថា ​ទ័ព​ជំនួយ​របស់​កងកម្លាំង​រដ្ឋាភិបាល​ និង​ជន​សកម្ម​ប្រយុទ្ធ​ជនជាតិ​ដើម​ ត្រូវ​បាន​គេ​ឃើញ​ជិះ​រថយន្ត​យោធា​ចេញ​ពី​ក្រុង​ម៉ារីប ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីវ៉ាហ៍​ ជា​ទី​ដែល​ការ​ប្រយុទ្ធ​គ្នា​កំពុង​កើត​ឡើង​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូធី​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​កម្លាំង​រដ្ឋាភិបាល​បាន​និយាយ​ថា ​យុទ្ធជន​ហ៊ូធី​ជិត ​៨០ ​នាក់​ ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ម៉ារីប​នេះ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​គា្មន​ព័ត៌មាន​ណា​មួយ​ត្រូវ​បាន​ផ្តល់​ឲ្យ​អំពី​ចំនួន​អ្នក​ស្លាប់ ​និង​របួស​នៅ​ក្នុង​ចំណោម​ទាហាន​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ក្នុង​ខេត្ត​ម៉ារីប​នោះ​ទេ​។

ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​យោធា​របស់​ពួក​គេ​ប្រឆាំង​នឹង​ខេត្ត​ម៉ារីប ​ដែល​សម្បូរ​ដោយ​ប្រេង​​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយ​ពី​កាន់កាប់​តំបន់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​អាល់ចាហ្វ​​​ភាគ​ខាង​ជើង​ ​ដែល​មាន​ព្រំដែន​ជាមួយ​នឹង​​អារ៉ាប៊ី ​សាអ៊ូឌីត​៕

អត្ថបទ៖ https://www.postkhmer.com/