ក្រោយបង្ក្រាបបាន កំពុងប្រកាសស្វែងរកម្ចាស់ម៉ូតូទាំងនេះ
ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការប្រកាសជាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋថា «ប្រសិនបើមានបាត់បង់ម៉ូតូក្នុងបទល្មើសណាមួយ ដូចជាចោរលួចជាដើម សូមអញ្ជើញយករាល់ឯកសារសម្គាល់ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីទទួលយកម៉ូតូពិតរបស់ខ្លួនវិញ» ។

ការប្រកាសរបស់សមត្ថកិច្ចនេះបន្ទាប់ពីមានការដឹកនាំ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងលោក លឹម ប៊ុនហេង និងការបញ្ជាផ្ទាល់ពីលោក គួច ចំរើន បានដកហូតម៉ូតូជាច្រើនគ្រឿងពីកន្លែងទទួលបញ្ចាំខុសច្បាប់មួយកន្លែង មករក្សាទុកនៅស្នងការដ្ឋាន ដើម្បីស្វែងរកម្ចាស់ ។

ជុំវិញបញ្ហានេះផងដែរ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ម៉ូតូច្រើនប្រភេទដែលលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបាត់ម៉ូតូកន្លងមកដោយអំពើចោរកម្ម ឬអំពើឆបោក ឬដោយប្រការផ្សេងៗ បើចង់រកម៉ូតូរបស់ខ្លួនដែលបាត់ សុំឱ្យយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីទទួលយកម៉ូតូវិញ ។

ការដកហូតម៉ូតូជាច្រើនគ្រឿងនេះ បន្ទាប់ពីសមត្ថកិច្ចធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលជាច្រើនខែកន្លងមកហើយ ទើបឈានដល់ការចុះបង្ក្រាបក្នុងទីតាំងកាស៊ីណូមួយកន្លែងយីហោ ហ្វ័រជួណា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរឹបអូសម៉ូតូជាច្រើនប្រភេទសរុបចំនួនជាង៦០គ្រឿង យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាផលនៃការដាក់បញ្ចាំដោយមិនស្របច្បាប់ ៕



អត្ថបទ៖ https://kohsantepheapdaily.com.kh/