ក្លែងបន្លំធ្វើជាសង្ឃដើររៃអង្គាសប្រាក់តាមផ្លូវ អស់លក្ខណ៍ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប ៖ បុរសក្លែងបន្លំជាសង្ឃព្រះពុទ្ឋសានាម្នាក់ដែលដើររៃអង្គាសប្រាក់យ៉ាងថោកទាប ត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅឱ្យព្រះអនុគណ ដើម្បីធ្វើការផ្សឹកភ្លាមៗ រួចប្រគល់មកឱ្យសមត្ថកិច្ចជំនាញវិញ ចាត់ការទៅតាមផ្លូវច្បាប់ ។ តាមពិតទៅជនដែលក្លែងបន្លំជាសង្ឃនេះ មិនគួរតម្រូវឱ្យសឹកទេ គឺយកតែស្បង់ចីវរចេញទៅចប់ហើយ ។

ហេតុការណ៍ឃាត់ខ្លួនជនក្លែងធ្វើជាសង្ឃម្នាក់នោះ បានធ្វើឡើងនៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២០ នៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង បានប្រាប់នៅរសៀលថ្ងៃទី៣ មីនា ឆ្នាំ២០២០ថា បន្ទាប់ពីបានទទួលព័ត៌មានពីជនបន្លំធ្វើជាសង្ឃម្នាក់គង់នៅវត្តថ្មី ហៅ (វត្តក្បាលខ្មោច)ថា មានជនបន្លំធ្វើជាសង្ឃម្នាក់ដើររៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ ទើបកម្លាំងយើងចុះសហការប៉ុស្ដិ៍នគរបាលរដ្ឋបាលគោក និងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាបក្រោមការដឹកនាំបញ្ជា និងមានការឯកភាពពីលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រចឃាត់ខ្លួនជនសង្ស័យ ហើយយកមកផ្សឹកភ្លាមៗផងដែរ ។

លោកបានបន្តថា ជនសង្ស័យឈ្មោះ អឿ អួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្រោយចាប់ផ្សឹក រួចកម្លាំងយើងបាននាំជនសង្ស័យខាងលើមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញស្បង់ចីវរមកគ្រងបន្លំជាសង្ឃព្រះពុទ្ធសាសនា ដើររៃអង្គាសប្រាក់ ពីពុទ្ធបរិស័ទនោះមែន ពេលបានប្រាក់ហើយរូបគេបានយកចាយវាយផ្ទាល់ខ្លួន ។

បន្ទាប់មកកម្លាំងយើងក៏បានឆែកឆេរ នៅលើដងខ្លួនរកឃើញ និងដកហូតវត្ថុតាងល្មើសមាន ត្រាក្លែងក្លាយចំនួន៥ ឆាយាល័ក្ខណ៍គណៈមហានិកាយចំនួន៤ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីធ្វើការផ្ដន្ទាទោស ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/