ខឹងកូនខ្លួនឯងនឹងមានជំងឺប្រចាំកាយរាំរ៉ៃយូរដុតផ្ទះខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងបន្ទប់តែម្តង
ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០ នាទីយប់ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងឆេះផ្ទះចំនួន០១ខ្នង សង់អំពីឈើប្រកស័ង្កសីទំហំ ទទឹង ៤,៥ម៉ែត្រ បណ្តោយ ១០ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ កែវ ពៅ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងខូចខាតផ្ទះព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង មូលហេតុខឹងកូននិងមានជំងឺប្រចាំកាយដុតផ្ទះខ្លួនឯង ។
តាមការបំភ្លឺរបស់ឈ្មោះ លី ក្បក ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា ម្តាយរបស់គាត់មានជម្ងឺរាំរ៉ៃប្រចាំកាយយូរ ហើយតែងតែខឹងឈ្លោះជាមួយគាត់ មុនពេលកើតហេតុគាត់បានទៅប្រាប់ឪពុកគាត់នៅផ្ទះផ្សេងគ្នាថា ម្តាយខ្លួនមានសាំងនិងបានយកសំបកកេះចូលបន្ទប់ ។ គ្រាន់តែប្រាប់រួចប្រពន្ធគាត់ទូរស័ព្ទមកប្រាប់ថាម្តាយគាត់ដុតផ្ទះគាត់ឆេះហើយ ពេលគាត់មកដល់ក៏ឃេីញផ្ទះឆេះអស់បាត់ទៅហើយ ។
ករណីអគ្គីភ័យខាងលើបណ្តាលអោយម្ចាស់ផ្ទះឈ្មោះ កែវ ពៅ ស្លាប់នៅក្នុងបន្ទប់តែម្តង ។
ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកព្រៃនប់ចេញអន្តរាគមន៍ចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕