ខឹងហៅម្តាយទៅដេកផ្ទះមិនព្រមទៅ កម្ទេចទ្រព្យសម្បត្តិម្តាយមីងខ្ទេច
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន បន្ទាប់ពីខឹងម្តាយរបស់ខ្លួនមកដេកផ្ទះម្តាយមីង ហើយហៅម្តាយទៅដេកផ្ទះវិញ តែម្តាយមិនព្រមទៅ ស្រាប់តែជនសង្ស័យយកកាំភ្លើងស្នប់ និងដាវ វាយកម្ទេចទ្រព្យសម្បត្តិផ្ទះម្តាយមីងខ្ទេចអស់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះខាន់ សុធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះធាម វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

តាមប្រភពពីនគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ត្រីឈ្មោះខាន់ សុខរី ត្រូវជាម្តាយរបស់ជនសង្ស័យបានមកលេងផ្ទះប្អូនស្រីឈ្មោះខាន់ សុធា ហើយជនរងគ្រោះបានឃាត់ឲ្យឈ្មោះខាន់ សុខរី នៅដេកសម្រាកនៅផ្ទះជាមួយខ្លួនមួយយប់ និងអង្គុយមើលទូរទស្សន៍លើផ្ទះនិយាយគ្នាលេង ។

តាមប្រភពដដែលបានបន្តថា លុះដល់វេលា៩និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានជិះកង់មកពីផ្ទះ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ឆ្ពោះទៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះខាន់ សុធា នៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ដើម្បីហៅម្តាយឲ្យទៅដេកនៅផ្ទះវិញ តែស្ត្រីជាម្តាយមិនព្រមទៅទេ ។ ពេលនោះស្ត្រីរងគ្រោះឈ្មោះខាន់ សុធា បានជេរជនសង្ស័យថា អាឆ្កែ ហើយក៏មានជម្លោះពាក្យសំដីជាមួយគ្នាតែម្តង។

តាមប្រភពដដែលបានបន្តទៀតថា ពេលនោះជនសង្ស័យបានយកដំបងឫស្សីរុកតាមរនាបផ្ទះត្រូវចំភ្លៅស្តាំរបស់ស្ត្រីរងគ្រោះឈ្មោះខាន់ សុធា បណ្តាលឲ្យរងរបួសស្នាមជាំមួយកន្លែង បន្ទាប់មកជនសង្ស័យបានទៅផ្ទះរបស់ខ្លួនយកកាំភ្លើងខ្យល់បាញ់គ្រាប់កង់និងដាវមកផ្ទះរបស់ស្ត្រីរងគ្រោះឈ្មោះខាន់ សុធា វិញ នៅពេលជនសង្ស័យមកដល់បានបាញ់ទៅលើអ្នកនៅលើផ្ទះនោះ តែមិនត្រូវ និងយកដាវកាប់បំផ្លិចបំផ្លាញដើមស្វាយរបស់ស្ត្រីរងគ្រោះខូចខាតអស់មួយដើម ។

តាមប្រភពដដែលបានបន្តទៀតថា មិនតែប៉ុណ្ណោះ ជនសង្ស័យបានស្រែកជេរមាត់ឡូឡា ស្ទុះយកដុំឥដ្ឋជាច្រើនគប់ទៅត្រូវជញ្ជាំងផ្ទះរបស់ស្ត្រីរងគ្រោះឈ្មោះខាន់ សុធា ធ្វើអំពីស័ង្កសី បណ្តាលឲ្យធ្លុះធ្លាយខូចខាត និងទៅត្រូវជញ្ជាំងខាងក្នុងធ្លុះធ្លាយដែរ បែកបាក់ខូចខាតសម្ភារៈមួយចំនួនទៀត។ ភ្លាមនោះស្ត្រីរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ឲ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹងដែរ តែជនសង្ស័យបានរត់គេចខ្លួនបាត់។

លុះដល់វេលាម៉ោង១០ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះធាម វុទ្ធី ដើម្បីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/