ខេត្តព្រៃវែង! ទួលបារាយណ៍អណ្ដែតដ៏ល្បីស័ក្ដិសិទ្ធិ នឹងរឿងព្រេងអ្នកចែវទូក មកប្ដូរច្រវាមាស ឲ្យអ្នកនេសាទ២នាក់ប្ដីប្រពន្ធ

អ្នកខេត្តព្រៃវែង ប្រាកដជាបានដឹងច្បាស់ថា មានទួលបារាយណ៍អណ្ដែតមួយដែលល្បី ស័ក្ដិសិទ្ធិ តគ្នាយូរមកហើយ ប៉ុន្តែប្រហែល មិនធ្លាប់ដឹងទេថា មានរឿងអ្វី ខ្លះកើតឡើងនៅទីនោះ។
រឿងរ៉ាវមួយ ដែលមានប្រវត្តិ ធ្វើឲ្យទួលបារាយណ៍អណ្ដែត ល្បីឈ្មោះមកដល់បច្ចុប្បន្ន គឺមានបារមី នៅថែរក្សា និងធ្លាប់បន្លំជាអ្នកចែវទូក មកប្ដូរច្រវាមាស ឲ្យអ្នកនេសាទ២នាក់ប្ដី ប្រពន្ធ រហូតតវង្សត្រកូល ជាគ្រួសារធូរធារដល់សព្វថ្ងៃ។

អ្នករស់នៅខេត្តព្រៃវែង សុទ្ធតែបាន ឮ ពីតំណាល រឿង នៃការប្ដូរច្រវាមាស នេះដែល កើត ឡើងច្រើនជំនាន់មកហើយ។ ចំណែកលោក ចន ស៊ា ជា មន្ត្រី ជាប់កិច្ចសន្យា នៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រៃវែង និងជាអ្នកគ្រប់គ្រងនៅ ទួលបារាយណ៍អណ្ដែត ក៏បាន លើកឡើងដែរថា រឿងប្ដូរ ច្រវាមាសនេះ ជារឿង ដែលកើតមានពិត ប្រាកដ។
លោក ហាស់ ថុល ជាអ្នកជំនាន់ក្រោយ នៃវង្ស ត្រកូល តា យាយ ដែលទទួលបាន ច្រវាមាស នោះបាននិយាយថា តាមពិត ដំណាល រឿងនេះបានកើតឡើង យូរមកហើយ ដោយលោក មិនច្បាស់ថា នៅក្នុងជំនាន់ណា ត្រូវជា តាលួត ឬ មុន នេះក៏មិនដឹង ។ ពេលនោះ តាយាយ ពីរនាក់ ប្ដី ប្រពន្ធ ដែល ជាអ្នកនេសាទ បាននាំគ្នាទៅរាយសន្ទូច នៅខាងលិច ទួលបារាយណ៍ អណ្ដែត។ ខណៈពេល កំពុង រាយ សន្ទូចនោះស្រាប់ តែច្រវាបាក់ ប៉ុន្តែ បែរជាមាន តា ចាស់ម្នាក់ អុំ ទូក មក ជិត និង សុំដូរច្រវា ដោយនិយាយថា៖ “នេះ! យកច្រវា នេះ ទៅប្រើទៅឲ្យច្រវានោះខ្ញុំប្រើវិញ”។ ព្រឹកឡើងស្រាប់ តែច្រវានោះក្លាយជាមាសធ្វើ ឲ្យតាយាយ ភ្ញាក់ ផ្អើលយ៉ាងខ្លាំង និងគិតថា ជាបារមី បារាយណ៍អណ្ដែតជាអ្នកជួយ។
ក្រោយមកទៀត លោកនៅ ចាំ តាមជីតា លោក ប្រាប់ថា ជីតាលួត របស់លោក ក៏មានកិត្តិយស បានរាប់ អានជាមួយសែស្រឡាយរាជវង្ស ដោយ សន្យា ថា បើបានគ្រងរាជ្យ នឹងយកជីតាលួត របស់ លោក ធ្វើជាមេទ័ព។ បន្ទាប់មកជីតាលួត របស់ លោក ក៏បាន ក្លាយជាមេទ័ពពិតប្រាកដ ដោយ មានឈ្មោះថា លោកឧកញ៉ា ជយោ សង្គ្រាម។
ចំណែក តា ទួត របស់ លោក ក៏បានរៀនសូត្រ ច្រើនរហូត ក្លាយជាចៅហ្វាយខេត្តព្រៃវែង នា ជំនាន់ក្រោម អាណានិគម បារាំង ដោយមានឈ្មោះ ថា លោកឧកញ៉ា ហាស្សយារ្យ៍។ សព្វថ្ងៃរូប សំណាក ញាតិសន្ដាន ជំនាន់មុន របស់លោក ហាស់ ថុល មានក្នុង ព្រះវិហារវត្តសំសមី នៅក្រុង ព្រៃវែង ផ្ទាល់។ ចំណែកច្រវាមាសនោះ លោកមិន ដឹងថា ទៅដល់ ទីណាទេព្រោះ រំលងផុត រាប់រយ ឆ្នាំមកហើយ។
លោក ហាស់ ថុល បាននិយាយថា តាមតំណាល រឿង នោះ ក្រោយមក គ្រួសារវង្សត្រកូល របស់ លោក ក៏បានក្លាយ ជាអ្នកធូរធារច្រើន។ ក្រៅពី អ្នក ធ្វើជំនួញ ដូចលោក នៅ មានមន្ត្រីធំ ជាច្រើន ទៀត ក៏កើតចេញ ពីត្រកូល តា យាយ ដែល ទទួលបានច្រវា មាសដែរ រាប់ទាំងមន្ត្រីយោធា ផ្កាយ៤ម្នាក់ ជាបងប្អូនជាទួតមួយ របស់លោកផងដែរ៕

អត្ថបទ: Sabay

រូបភាព:ទទក