ខេត្តមណ្ឌលគិរី ទទួលភ្ញៀវទេសចរជាង ២ម៉ឺននាក់ មកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

មណ្ឌលគិរី៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៣ថ្ងៃនេះ សម្រាប់ខេត្តមណ្ឌលគិរី គឺមានភ្ញៀវទេសចរជាង២ម៉ឺននាក់ បានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទឹកដីនៃខេត្តមណ្ឌលគិរី។ នេះបើតាមការបញ្ជាក់របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរសរុបប្រមាណ ២៣,២៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ២២,៩៤៩នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣១៩នាក់។

លោក ងិន សុវិមាន លើកឡើងថា កត្តាដែលទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយ ដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះបានរឹតបន្តឹងនូវសន្តិសុខ សុវត្តិភាពជូនភ្ញៀវទេសចរយ៉ាងល្អប្រសើរ និងមានប្រព័ន្ធផ្លូវថ្នល់ល្អ ងាយស្រួលក្នុងការធ្វើដំណើរ។ លោកបន្តថា ក្រោយវិបត្តិនៃជំងឺកូវិដ-១៩ មានការថមថយចុះ ខេត្តមណ្ឌលគិរី មានភ្ញៀងទេសចរ មកលេងកម្សាន្តកាន់តែច្រើនឡើង ដោយឡែក ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីភាគច្រើន ចូលចិត្ត ទៅលេងកម្សាន្តទឹកជ្រោះប៊ូស្រា បន្ទាប់ពីនោះភ្ញៀវទេសចរបានបន្តទៅកម្សាន្ត នៅរមណីដ្ឋានវប្បធម៍ភ្នំដោះក្រមុំ ដែលជាទីសក្ការ:របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងទៅទស្សនារមណីដ្ឋានសមុទ្រឈើ មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តមណ្ឌលគិរី ក៏មានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២២ នៅក្រុងសែនមនោរម្យ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី សម្តែងសិល្បៈ និងរាំកម្សាន្តរយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានទីតាំងចំនួន ០២ ទី១ នៅបរិវេណសួនច្បារវិមានឯករាជ្យ និងទី២ នៅបរិវេណជើងភ្នំដោះក្រមុំ ដើម្បីទទួលភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីផងដែរ។

លោក វេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានចាត់ឲ្យក្រុមគ្រូពេទ្យប្រចាំការនៅគោលដៅសំខាន់ៗ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកំសាន្ត នៅទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ទីតាំងទី១ នៅបរិវេណវិមានឯករាជ្យ ទីតាំងទី២ នៅបរិវេណមជ្ឈមមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ទី៣ នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងនៅតាមបណ្តាស្រុក នៅក្នុងខេត្តមណ្ឌលគិរី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online