ខំតែដំឡើងកម្មវិធីដើម្បីបានស្បែកជើងហ្វ្រី ដឹងអីមេរោគសោះ!

កម្មវិធីខ្លះនៅក្នុង Google Play សន្យាថានឹងផ្តល់ជូនស្បែកជើងឥតគិតថ្លៃដល់អ្នកដែលបានដំឡើងកម្មវិធីរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានកម្មវិធីមេរោគ ដើម្បីគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។

កាលពីពេលថ្មីៗកន្លេងទៅនេះក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធីមួយចំនួនដែលមាននៅក្នុង Play Store ដោយក្រុមហ៊ុនបាននិយាយថា កម្មវិធីទាំងនេះគ្រាន់តែជាកម្មវិធីដើម្បីបន្លំផ្សាយពាណិជ្ជកម្ម។ ដោយឡែកក្រុមសន្តិសុខចល័ត Satori ដែលជាក្រុមហ៊ុនសន្តិសុខឯកទេសក្នុងការកំណត់អត្តសញ្ញាណឥរិយាបថរបស់ bot បានរកឃើញបណ្តុំនៃកម្មវិធីរបស់ប្រព័ន្ធដំណើរការ Android ដែលមានឈ្មោះថា Terracotta បានដំឡើងហើយលាក់ខ្លួននៅក្នុងគេហទំព័រដើម្បីធ្វើការក្លែងបន្លំការផ្សាយពាណិជ្ជកម្ម។ ក្រុមអ្នកស្រាវជ្រាវ White Ops បាននិយាយថាពួកគេបានតាមដាន Terracotta ចាប់តាំងពីចុងឆ្នាំ២០១៩មកម្លេះ ដែលនៅពេលនោះ botnet ទើបតែចាប់ផ្ដើមសកម្មភាពក្នុងការវាយលុក។

កម្មវិធីមេរោគនេះមាននៅលើ Play Store ដោយសន្យាថា នឹងមានកម្មវិធីផ្តល់ជូនស្បែកជើងដោយឥតគិតថ្លៃ និងអាចមានជាប័ណ្ណបញ្ចុះតម្លៃ (coupon) ចំពោះការព្យាបាលធ្មេញថ្លៃៗ។ អ្នកប្រើត្រូវបានគេប្រាប់ឱ្យដំឡើងកម្មវិធី ហើយបន្ទាប់មកត្រូវរង់ចាំពីរសប្តាហ៍ ដើម្បីទទួលបានផលិតផលឥតគិតថ្លៃ ដោយតម្រូវឱ្យពួកគេត្រូវតែទុកកម្មវិធីដែលបានដំឡើងរួចហើយនោះនៅលើឧបករណ៍នៅឡើយ។ ផ្ទុយទៅវិញទាំងនេះមិនមែនជាកម្មវិធីផ្តល់រង្វាន់អ្វីទេ វាគ្រាន់តែជាការបោកបញ្ឆោតឱ្យអ្នកប្រើប្រាស់ដំឡើងកម្មវិធីដែលមានផ្ទុកមេរោគតែប៉ុណ្ណោះ។

ជាថ្មីម្តងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ សូមកុំធ្វើការដំឡើងកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ និងមិនចាំបាច់ត្រូវប្រើប្រាស់នៅលើឧបករណ៍របស់ខ្លួន។ មួយវិញទៀតសូមកុំមានការជឿទៅលើកម្មវិធីត្រូវរង្វាន់ផ្សេងៗ ដែលបានធ្វើការផ្សព្វផ្សាយ ឬទាក់ទងដោយផ្ទាល់ទៅកាន់លោកអ្នក ព្រោះទាំងនោះវាគឺជាវិធីបោកប្រាស់របស់ជនខិលខូចតែប៉ុណ្ណោះ។ សូមចងចាំថា គ្មានអ្វីដែលបានមកដោយទទេៗដោយមិនមានការខំប្រឹងប្រែងធ្វើវានោះទេ៕