ខ្ជិលធ្វើការរកសុី នាំកូនៗដើរលួច រហូតត្រូវបាននគរបាលឃាត់ខ្លួន

ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ តាមរយៈការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកអភិបាលស្រុកសូទ្រនិគម និងក្រោមការដឹកនាំជំនាញដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ កំណត់មុខសញ្ញា បំបែកករណីអំពើលួចដែលឆ្មក់ប្រព្រឹត្តជាពិសេសនៅពេលមេឃភ្លៀង និងទៀបភ្លឺ ។

កើតហេតុនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២ ទៀបភ្លឺ សកម្មភាពលួចភេសជ្ជៈ ស្រាបៀ និង អាគុយ នៅចំណុចតូបលក់អេតចាយរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងអំពើលួចប៉ុងឡានដឹកដី ដែលជនរងគ្រោះទុកមុខផ្ទះ នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនរងគ្រោះ :

១.ឈ្មោះ តាំ តាយ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ទិញលក់អេតចាយ នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

២.ឈ្មោះ ហ៊ួន ចក់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ លក់ដូរស្រាបៀនៅភូមិ គោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៣.ឈ្មោះ ម៉ន ឡាប ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ដូចខាងក្រោម :

១.ឈ្មោះ ស៊ាន ម៉ៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំ ដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក) ។

២.ឈ្មោះ ម ម ភេទ ប្រុស អាយុ ១៦ ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។

៣.ឈ្មោះ ម ភ រ ភេទ ប្រុស អាយុ ១៤ ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្ប្នន្ននៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន) ។

ចម្លើយជនសង្ស័យ÷ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ ត្រូវជាឪពុក និងកូនៗ បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចខាងលើពិតប្រាកដមែន ។ ហើយក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលពួកគេដើរលួចគឺខ្ជិលធ្វើការរកសុី ។

ករណីខាងលើនេះ យើងបានដកហូតសម្ភារៈដែលជនសង្ស័យបានលួចទាំងនោះប្រគល់ជូនម្ចាស់ដើមវិញ កសាងសំណុំ និងបញ្ជូនខ្លួនជនសង្ស័យទាំង ០៣នាក់ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕