ខ្លាំងបាត់! ស្រែកឡូឡាជេរប្រមាថពេញភូមិ ចុងក្រោយនាំចូលប៉ុស្តិ៍
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដំណាក់អំពិលធ្វើការចាប់ខ្លួនចាត់ការតាមច្បាប់ ក្រោយពេលដែលជននេះញៀនថ្នាំផង និងផឹកស្រាស្រវឹងផងស្រែកឡូឡាជេរប្រមាថអ្នកភូមិ ព្រមទាំងធ្វើសកម្មភាពយកដុំថ្មគប់ទៅលើផ្ទះអ្នកជិតខាង បណ្ដាលឲ្យបែកកញ្ចក់ទ្វារអស់មួយផ្ទាំង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះអុល ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកម្ចាស់ផ្ទះដែលត្រូវជនសង្ស័យគប់បែកកញ្ចក់ទ្វារឈ្មោះផាត សាវីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ដែលញៀនយ៉ាងងប់ងុល រហូតក្នុងឆ្នាំ២០១៩កន្លងមក ត្រូវបានអាណាព្យាបាលបញ្ជូនទៅដាក់នៅមណ្ឌលកែប្រែដើម្បីផ្តាច់សារធាតុញៀនរយៈពេល៣ខែផងដែរ។ ប៉ុន្តែហាក់មិនរាងចាលឡើយ ក្រោយពេលចេញមកវិញលើសដើម និងតែងតែផឹកស្រាស្រវឹងជាបន្តបន្ទាប់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ដោយឡែកនៅមុនពេលកើតហេតុ ក្រោយពេលផឹកស្រាស្រវឹង ស្រាប់តែជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពស្រែកជេរប្រមាថអ្នកភូមិដោយគ្មានមូលហេតុឡើយ ។ លុះក្រោយមកក៏បានរើសយកដុំថ្ម១ដុំគប់ទៅលើផ្ទះស្ត្រីរងគ្រោះខាងលើ បណ្ដាលឲ្យត្រូវកញ្ចក់ទ្វារបែកអស់១ផ្ទាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបកម្លាំងនគរបាលប៉ុស្តិ៍ដំណាក់អំពិលចុះអន្តរាគមន៍ឃាត់ខ្លួននាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/