ខ្លាំងមែន! ត្រឹមពេល ១០ថ្ងៃ ចិនសង់មន្ទីរពេទ្យបានសម្រេច ទុកដាក់អ្នកជំងឺកូរ៉ូណាវីរុស

កាល​ពី​ថ្ងៃ​ទី ២៣​ខែ​មករា​កន្លង​ទៅ រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​សាងសង់​មន្ទីរ​ពេទ្យ​ថ្មី​សម្រាប់​ដាក់​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​ដែល​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​កើន​ឡើង​ជា​បន្ដ​បន្ទាប់។

មន្ទីរពេទ្យ​ថ្មី​ឈ្មោះ​ថា Huoshenshan ត្រូវ​បាន​សាងសង់​ឡើង​ត្រឹម​រយៈ​ពេល ១០​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្នុង​ទីក្រុង Wuhan ដោយ​ប្រើប្រាស់​គ្រឿង​ចក្រ​ច្រើន​គ្រឿង និង​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ។ ​មន្ទីរពេទ្យ​ទំហំ ២៥ ០០០ ម៉ែត្រ​ការ៉េ​នឹង​​អាច​ទទួល​អ្នក​ជំងឺ​បាន ១ ពាន់​នាក់ ដោយ​មាន​គ្រែ​ចំនួន ១ ពាន់។ បុគ្គលិក​ពេទ្យ​ចំនួន ១ ៤០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ថ្មី​នេះ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​កូរ៉ូណា​វីរុស។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០០៣​កន្លង​ទៅ អាជ្ញាធរ​ចិន​ក៏​ធ្លាប់​សាងសង់​មន្ទីរពេទ្យ​មួយ​ឈ្មោះ​ថា Xiaotangshan ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ ដោយ​ចំណាយ​ពេល​ត្រឹម ៧​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ជាការ​ឆ្លើយ​តប​នឹង​ការ​ឆ្លង​ជំងឺ SARS។ មន្ទីរពេទ្យ​នេះ បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ ១/៧ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​នោះ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖  http://news.sabay.com.kh/