ខ្លោចចិត្តអ្វីម៉្លេះ! ទម្រាំដាច់ចិត្តដឹកកូនមកព្យាបាលនៅភ្នំពេញ តែកូនដាច់ខ្យល់តាមផ្លូវ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់មានជំងឺធំពោះប្រចាំកាយរីងរ៉ៃជាយូរឆ្នាំគ្មានលទ្ធភាពទៅពេទ្យព្យាបាលនោះទេ លុះទម្រាំតែឪពុកដាច់ចិត្តដឹកកូនប្រុសតាមរថយន្តតាក់ស៊ីពីខេត្តព្រៃវែងមកព្យាបាលជំងឺនៅភ្នំពេញ តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏បានដាច់ខ្យល់បាត់បង់ជីវិតនៅលើរថយន្ដតាក់ស៊ីទៅហើយ ហើយក៏ត្រូវម្ចាស់រថយន្តតាក់ស៊ីដាក់សពចុះតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង11យប់ ថ្ងៃទី25 ខែសីហា ឆ្នាំ2020 នៅតាមបណ្ដោយផ្លូវ317 ទល់មុខនឹងវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់2 ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បន្តថា សពបុរសខាងលើមានឈ្មោះ ហួត សុត អាយុ29ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឥដ្ឋ ឃុំបន្ទាយស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
យោងតាមបុរសម្នាក់ឪពុកសពជនរងគ្រោះបានប្រាប់ឱ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ គឺពោះហើមធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ តែគ្រួសារគាត់ក្រីក្រ គ្មានលទ្ធភាពនាំកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ។
ឪពុកជនរងគ្រោះបន្តថា ក្រោយមកពួកគាត់ក៏សម្រេចចិត្តព្យាបាលនៅផ្ទះដោយរកគ្រូខ្មែរ និងគ្រូពេទ្យក្នុងស្រុកព្យាបាលតាមលទ្ធភាពដែលមាន ប៉ុន្តែអាការ:ជំងឺមិនបានធូរស្រាលឡើយ ។ ក្រោយមកពួកគាត់ក៏សម្រេចចិត្តដឹកកូនប្រុសតាមរថយន្តតាក់ស៊ីមកព្យាបាលនៅភ្នំពេញ ដោយមកមានគ្នា4នាក់ គឺមានឪពុក ម្តាយ និងប្រពន្ធទៀត ក្នុងគោលបំណងទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយប្រើប្រាស់ប័ណ្ណក្រីក្រ ។
ប្រភពដដែលបន្តថា ខណៈពេលធ្វើដំណើរមកដល់សង្កាតបឹងកក់2 មិនចាំផ្លូវ កូនប្រុសរបស់គាត់ក៏បានដាច់ខ្យល់នៅលើរថយន្ដទៅហើយ ភ្លាមៗនោះម្ចាស់រថយន្តតាក់ស៊ីក៏បានទម្លាក់សព និងក្រុមគ្រួសារគាត់ចេញពីរថយន្ដ ហើយបើករថយន្តចេញទៅបាត់ទៅ ។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែគាត់អត់មានលុយ ហើយមិនសូវស្គាល់ភ្នំពេញផងនោះ មិនដឹងថា ធ្វើម៉េចណានោះទេ គឺមានតែរូបគាត់ជាឪពុកបានបីសពកូនប្រុសដើរទៅររកវត្តនៅជិតនោះ ដើម្បីសុំតម្កល់សពបណ្ដោះអាសន្នសិន ។ ដោយឃើញហេតុការណ៍ដូច្នោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានឲ្យកៅអីមានកង់រុញមួយទៅអោយរូបគាត់ជាឪពុក ដើម្បីដាក់សពកូននៅលើកៅអីនោះ ហើយរុញទៅរកវត្តដែលនៅក្បែរកន្លែងកើតហេតុ។
ប្រភពដដែលបន្តទៀតថា ខណៈពេលក្រុមគ្រួសារសពរុញសពកូនទៅដល់ផ្លូវលេខ317 ទល់មុខវិទ្យាល័យ ឥន្ទ្រទេវី ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏ឃាត់សួរនាំ ទើបដឹងសាច់រឿង ក៏បង្កជាការភ្ញាក់ផ្អើលឡើងទាំងកណ្ដាលរាត្រីតែម្តង។
ប្រភពដដែលបានបន្តទៀតថា ដោយសារតែគ្មានលទ្ធភាពជួលរថយន្តដឹកសពកូនត្រលប់ទៅស្រុកកំណើតវិញ ទើបគាត់រុញសពកូនដើររកវត្តនៅក្បែរនោះ ដើម្បីស្នាក់នៅបណ្តោះអាសន្នសិន។
ក្រោយមានការភ្ញាក់ផ្អើល និងមានការផ្សាយផ្ទាល់ព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុក ក៏មានសប្បុរសធម៌បានឧបត្ថម្ភប្រាក់បន្តិចបន្តួចជូនទៅក្រុមគ្រួសារសព ព្រមទាំងមានតំណាងលោកអភិបាលខណ្ឌទួលគោក ក៏បានមកជួយសម្របសម្រួលបន្ថែមទៀត ដោយបានជួលរថយន្តដឹកសព និងឧបត្ថម្ភថវិកាខ្លះទៅក្រុមគ្រួសារសពដឹកសពទៅស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕








ប្រភព: facebook