គណៈប្រតិភូកីឡាកម្ពុជាអញ្ជើញចេញទៅចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូកីឡាកម្ពុជា ចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩។

ថ្លែងមុនពេលចេញដំណើរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រួមជាមួយឯកឧត្តម ឃួង ស្រេង អមដំណើរដោយឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញដំណើរទៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

បេសកកម្មនេះ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមការស្នើសុំពី NOCC ដោយឯកឧត្តមបណ្ឌិត ថោង ខុន នឹងចុះហត្ថលេខាលើពិធីប្រគល់-ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (ASIAN Youth Games) ដោយមានបណ្តាប្រទេសនានាចំនួន ៤៥ប្រទេសនៃទ្វីបអាស៊ី ដែលមានទំហំធំជាងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានចន្លោះពី៣០ ទៅ៤០ប្រភេទកីឡា ប៉ុន្តែចំនួនប្រភេទកីឡាយុវជនអាស៊ីនេះ មានចន្លោះត្រឹម១០ ទៅ១៥ប្រភេទកីឡា ដោយយុវជនចន្លោះអាយុ១៥ ដល់១៧ឆ្នាំ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ដែលជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ។ «ដោយសារយើងរស់នៅក្នុងសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាទទួលបានការគាំទ្រផ្តល់សិទ្ធិពីអន្តរជាតិ។ នៅក្នុងបេសកកម្មនេះ មានកម្មវិធីសំខាន់ៗ គឺគណៈប្រតិភូកម្ពុជានឹងចូលរួមមហាសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ ការចុះហត្ថលេខាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី គឺធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលរួចហើយ។ ការដាក់បេក្ខភាពប្រកួតប្រជែងធ្វើម្ចាស់ផ្ទះនេះ មានបណ្តាប្រទេសមួយចំនួន បានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែដោយសារក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានមើលឃើញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងនោះ ទើបធ្វើឲ្យការខិតខំទាំងអស់នេះ បានឆ្លើយតបទៅនឹងការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍យុវជនអាស៊ី ឆ្នាំ២០២៩ នេះជាដើម។

ហត្ថលេខី ដែលគ្រោងនឹងចុះហត្ថលេខា នៅទីក្រុងឌូបៃនេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន NOCC ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ។ រីឯឯកឧត្តម ឃួង ស្រេង នឹងចុះហត្ថលេខា ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ ដែលនេះគឺជាគោលការណ៍ច្បាប់នៃធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ នៅក្នុងបេសកកម្មនេះ គណៈប្រតិភូកម្ពុជា នឹងបំពេញទស្សនកិច្ចការតាំងពិពណ៌អន្តរជាតិ នៅទីក្រុងឌូបៃផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងច្រើននៃវិស័យកីឡាកម្ពុជា ក្នុងបេសកកម្មនេះ ដោយយើងនឹងបង្ហាញចេញនូវឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា NOCC និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០នេះ ឯកឧត្តមបណ្ឌិត ថោង ខុន នឹងថ្លែងសុន្ទរកថាគន្លឹះ និងបង្ហាញឃ្លីបវីដេអូខ្លី ដើម្បីឲ្យទទួលបានការគាំទ្រពី៤៥ប្រទេសនៃទ្វីបអាស៊ីទាំងមូល។ ខ្លឹមសារឃ្លីបវីដេអូនេះ នឹងបង្ហាញចេញចាប់តាំងពីសម័យអង្គរ មកដល់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលនាពេលបច្ចុប្បន្ន ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតទាំងអស់នេះ ហើយយើងនិយាយថា កម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឲ្យបានល្អប្រសើរ នាឆ្នាំ២០២៩។ នេះគឺជាបង្ហាញនូវកិត្តិយសជាតិ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ដើម្បីទទួលបានការគាំទ្រ ដោយមិនត្រឹមតែចំណេញតែផ្នែកវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបាននូវការគាំទ្រលើវិស័យការទូត ព្រមទាំងទំនាក់ទំនងអន្តរជាតិផងដែរ។

ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា នឹងធ្វើការផ្សព្វផ្សាយពីការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា នាឆ្នាំ២០២៩ យ៉ាងទូលំទូលាយ ដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងក្នុងការថែរក្សាបាននូវសុខសន្តិភាព និងចក្ខុវិស័យនៃដំណើរការអភិវឌ្ឍសង្គមកម្ពុជា ឆ្ពោះទៅមុខជានិច្ចនិរន្ត។ នេះគឺជាឱកាសមាស ក្នុងការលើកកម្ពស់កម្រិតសមត្ថភាពរបស់យុវជន កីឡាករ កីឡាការិនីកម្ពុជា ក៏ដូចជារួមចំណែករបស់កម្ពុជា នៅក្នុងសហគមន៍អន្តរជាតិទៀតផង។

«សរុបមកវិញ បេសកកម្មលើឆាកអន្តរជាតិរបស់គណៈប្រតិភូកម្ពុជានាពេលនេះ គឺជាបេសកកម្មដ៏មានតម្លៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលសម្តេចពិជ័យសេនា តែងតែចង្អុលបង្ហាញ សម្រួចគោលដៅឲ្យដំណើរការវិស័យកីឡាកម្ពុជា រីកចម្រើនឆ្ពោះទៅមុខជានិច្ចនិរន្ត ជាពិសេសសម្តេចប្រធានជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ និងដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាប្រវត្តិសាស្ត្រផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online