គិតត្រឹមថ្ងៃទី១២ មិថុនានេះមានអ្នកពុលស្រា៤១នាក់ និងស្លាប់៧នាក់ នៅខេត្តបន្ទាយមានជ័យ
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកពុលស្រានៅខេត្តបន្ទាយមានជ័យចំនួន៤១នាក់ និងស្លាប់៧នាក់ផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ។

ការបញ្ជាក់របស់អ្នកនាំពាក្យ បន្ទាប់ពីកាលពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែយីហោ «ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើងនៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ។
លោកស្រី ឱ វ៉ាន់ឌីន បានលើកឡើងក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាននារសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា «ខ្ញុំសូមជម្រាបជូនថា ករណីពុលស្រាយីហោ ស្រាថ្នាំចិនសែតាំងគួយ ដែលនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច គឺមានអ្នកពុលស្រាថ្នាំ ចិនសែតាំងគួយទាំងអស់៤១នាក់ ស្រីចំនួន៣នាក់ ហើយអ្នកស្លាប់នឹងចំនួន៧នាក់ សុទ្ធជាបរុស ហើយអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ៣៤នាក់»។

លោកស្រីរៀបរាប់ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺទាំង៣៤នាក់នឹងមាននៅមន្ទីរមង្គលបុរី ៩នាក់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត១៦នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន២នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៧នាក់ ។
ដោយឡែក អ្នកជំងឺលាងឈាម នៅមន្ទីរពេទ្យខេត្តសៀមរាប មានស្ថានភាពជំងឺល្អប្រសើរ ។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមឆ្លើយតបមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យកំពុងបន្ដចុះអប់រំអំពីបញ្ហាសុខភាព ។ លោកស្រីក៏ធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ កុំពិសាស្រាដែលគ្មានប្រភពច្បាស់លាស់ ។
សូមរំលឹកថា កាលពីថ្ងៃទី១១ មិថុនា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់អាជីវករលក់ដូរទំនិញ មេត្តាផ្អាកការលក់នូវប្រភេទស្រាថ្នាំឈ្មោះស្រាថ្នាំចិនសែ តាំង គួយ នៅគ្រប់បណ្ដាលទីផ្សារ ទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្តរហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/