គីម ជុងអ៊ុន បើកកិច្ចប្រជុំពេញអង្គបក្សពលករកូរ៉េខាងជើង ស្របពេលលោកកាន់តំណែងបាន១០ឆ្នាំ

លោកគីម ជុងអ៊ុន បើកកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង ដោយចាប់ផ្ដើមពីថ្ងៃច័ន្ទសប្ដាហ៍នេះ ខណៈពេលដែលលោកកាន់អំណាចអស់រយៈពេលជាង ១០ឆ្នាំរួចមក បន្ទាប់ពីឪពុករបស់លោក លោក គីម ជុងអ៊ីល បានទទួលមរណភាពកាលពីឆ្នាំ២០១១កន្លងទៅនេះ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងរូបនេះនឹងដឹកនាំកិច្ចប្រជុំពេញអង្គលើក ៤ នៃគណៈកម្មាធិការមជ្ឈិមអាណត្តិ ៨ របស់គណបក្សពលករកូរ៉េ (WKP) ដែលជាកិច្ចប្រជុំសម្រេចគោលនយោបាយសំខាន់ៗរបស់ប្រទេសសម្រាប់ឆ្នាំ២០២២ខាងមុខនេះ។

«កិច្ចប្រជុំពេញអង្គគឺធ្វើឡើងដើម្បីត្រួតពិនិត្យមើលការអនុវត្តគោលនយោបាយគោលៗរបស់បក្ស និងរបស់រដ្ឋសម្រាប់ឆ្នាំ២០២១»។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន KCNA។

សារព័ត៌មានខាងលើបានបន្ថែមថា កិច្ចប្រជុំនេះនឹងសម្រេចលើ «គោលនយោបាយយុទ្ធសាស្ត្រ និងយុទ្ធវិធី» និងកិច្ចការនានា ដើម្បីជំរុញដល់ការអភិវឌ្ឍនៃការកសាងសង្គមនិយមជំនាន់ថ្មី។

ការជួបប្រជុំនៅលើកនេះដែរធ្វើឡើងចំពេលដែល ប្រទេសកុម្មុយនិស្តមួយនេះជួបនូវវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិនៃជំងឺកូវីដ-១៩ វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបង្កដោយគ្រោះធម្មជាតិដ៏អាក្រក់មួយ ហើយក៏ដូចជាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធរឿងកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនៅតែបន្ត។

សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៤,៥% នៅឆ្នាំ២០២០ ក្រោយពេលដែលខ្លួនបិទព្រំដែនជាមួយចិន បន្ទាប់ពីមានការរាលដាលនៃជំងឺកូវីដ-១៩។ គេនៅមិនទាន់ដឹងថា ជំងឺកូវីដ-១៩បង្កជាផលប៉ះពាល់ផ្នែកសុខាភិបាលធ្ងន់ធ្ងរកម្រិតណាទេនៅក្នុងកូរ៉េខាងជើង។

គេមិនទាន់ច្បាស់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេ។ កាលពីឆ្នាំ២០១៩ កិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េបានប្រព្រឹត្តិរយៈពេល ៤ថ្ងៃ។

លោក គីម ជុងអ៊ុន ច្រើនតែប្រកាសគោលនយោបាយកូរ៉េខាងជើងធំៗអំឡុងថ្ងៃចូលឆ្នាំថ្មី។

សារព័ត៌មាន NK News ដែលជាទំព័រមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ហើយច្រើនតែតាមដានស្ថានការណ៍កូរ៉េខាងជើង បានចុះផ្សាយថា៖ «លោក គីម កន្លងមកបានប្រើប្រាស់ថ្ងៃឈប់សម្រាកឆ្នាំថ្មី ដើម្បីបង្ហាញពីការបន្ទន់ជំហរទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង តែពេលខ្លះក៏ប្រើប្រាស់ឱកាសនេះ ដើម្បីទម្លាយពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផែនការយោធាផ្សេងៗទៀតផង»។

កាលពីឆ្នាំ២០១៨ លោកបានប្រកាសថាកូរ៉េខាងជើងបានចូលរួមជាមួយកូរ៉េខាងត្បូង ក្រោយផ្លាកជាប្រតិភូតំណាងឧបទ្វីបកូរ៉េ ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងា ដែលបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។

ចំណែកឯកាលពីឆ្នាំ២០១៩វិញ លោកបានប្រកាសពីជំហររបស់លោកក្នុងការចូលចរចាជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ ក្រោយមកការចរចានេះក៏បរាជ័យ ក្រោយលោក គីម និងលោក ត្រាំ និយាយមិនត្រូវគ្នា។ នៅពេលនោះ អាមេរិកទាមទារឱ្យកូរ៉េខាងជើងបញ្ឈប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរជាមុនសិន ទើបទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានដកចេញជាពេលក្រោយ។

កូរ៉េខាងជើងជារឿយៗបាននិយាយថា ខ្លួននឹងចាប់ផ្ដើមចរចាដរាបណា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់នូវ «គោលនយោបាយអរិយភាព» មកកាន់ខ្លួនរួមមាន ការដាក់ទណ្ឌកម្ម និងសមយុទ្ធយោធាជាដើម។

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃច័ន្ទនេះបានលើកឡើងថា ខ្លួនសង្ឃឹមថាកូរ៉េខាងជើងនឹងចាប់ផ្ដើមឆ្នាំថ្មី ដោយចូលតុចរចាជាមួយសហគមន៍អន្តរជាតិ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online