គុណវិបត្តិនៃការផឹកគ្រឿងស្រវឹងរាល់ថ្ងៃ និងវិធីផ្តាច់ការញៀន
នៅកម្ពុជា មានគ្រឿងស្រវឹងផ្សេងៗ ដែលប្រជាពលរដ្ឋមួយចំនួនប្រើប្រាស់ដូចជា ស្រា ស្រាបៀរ ស្រាស ស្រាថ្នាំ និងទឹកត្នោតជូរជាដើម។ មនុស្សមួយចំនួន ចូលចិត្តប្រើប្រាស់គ្រឿងស្រវឹង ព្រោះវាអាចធ្វើឲ្យពួកគេ មានអារម្មណ៍សប្បាយ បានរសាយពីភាពមួរហ្មង ឬទុក្ខកង្វល់ ភ្លេចអស់នូវទុក្ខព្រួយ និងបញ្ហាស្មុគស្មាញនានា។ យ៉ាងណាមិញ ការទទួលទានភេសជ្ជៈស្រវឹងទាំងនោះរាល់ថ្ងៃ អាចបង្កឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។
° តាមការណែនាំនាំ របស់អង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្ត បានបង្ហាញពីផលលំបាក នៃការសេពគ្រឿងស្រវឹងដូចខាងក្រោម៖
– មិនអាចគិតគូរ ធ្វើកិច្ចការងារបានល្អប្រសើរ
– បាត់បង់ការចងចាំ (ខូចខួរក្បាល)
– ខាតបង់លុយ ពេលវេលា
– អាចឈានដល់ការបង្កហិង្សាក្នុងគ្រួសុងគ្រួសារ នាំឲ្យបាត់បង់កិត្តិយស
– ងាយមានទំនាស់ជាមួយមិត្តភក្តិ ឬអ្នកជិតខាង
– អាចមានគ្រោះថ្នាក់ក្នុងពេលធ្វើការងារ ឬមានគ្រោះថ្នាក់ចរាចរ
– បង្កឲ្យមានជំងឺក្រពះ ឈឺថ្លើម ក្រិនថ្លើម មហារីកថ្លើមជាដើម ក្អួតឈាមជាដើម ។ល។
– មានអារម្មណ៍ធ្លាក់ទឹកចិត្តិ គិតចង់សម្លាប់ខ្លួន ឬសម្លាប់ខ្លួនក្នុងករណីខ្លះ…។
° ការញៀនភេសជ្ជៈស្រវឹង
ដើម្បីជាគន្លឹះក្នុងការ បញ្ឈប់ទម្លាប់សេពគ្រឿងស្រវឹងដោយខ្លួនឯង គ្លីនិក នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ នៃកម្មវិធីសុខភាពផ្លូវចិត្តបានណែនាំពីវិធីមួយចំនួនដូចខាងក្រោម៖
– រំលឹក និងដឹងខ្លួនឯងថា ការញៀនគ្រឿងស្រវឹង នឹងនាំឲ្យមានបញ្ហាធំ ប៉ះពាល់ដល់ខ្លួនឯង និងគ្រួសារ។
– កាត់បន្ថយបរិមាណ នៃការប្រើប្រាស់គ្រឿងស្រវឹង បន្តិចម្តងៗជាលំដាប់ដោយការតាំងចិត្ត។
– ព្យាយាមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់គ្រឿងស្រវឹង ដោយព្យាយាមធ្វើកិច្ចការការងារប្រយោជន៍ ដូចជាធ្វើកិច្ចការផ្ទះ លាងចាន បោកខោអាវ ជួយដាំស្លជាដើម ឬទៅលេងកីឡា ដើម្បីទ្រទ្រង់សុខភាពឲ្យបានល្អជាដើម។
– រកជំនួយពីគ្រូពេទ្យ ឬអ្នកឯកទេសផ្តល់ប្រឹក្សាដើម្បីពិគ្រោះ យោបល់ប្រសិនបើ មានការលំបាក ឬកើតមានរោគសញ្ញា នៅពេលផ្តាច់គ្រឿងស្រវឹង៕
By : Bonny From : SABAY NEWS