គ្រូបង្រៀនម្នាក់ទ្រាំលែងបានទៀត សម្រេចប្ដឹងទៅសមត្ថកិច្ច
ខេត្តបាត់ដំបង៖ ដោយសារតែអស់ការអត់ធ្មត់ លោកគ្រួបង្រៀនម្នាក់បានសម្រេចចិត្តជិះម៉ូតូទៅប្ដឹងសមត្ថកិច្ចដល់ប៉ុស្ដិ៍មូលដ្ឋាន ដើម្បីសុំឲ្យជួយអន្ត្តរាគមន៍រកមុខនិងតាមចាប់ខ្លួនជនដៃដល់ ដែលបានគាស់កម្ទេចទ្វារផ្ទះរបស់គាត់ខ្ទេចខ្ទីរអស់ ហើយចូលលួចទ្រព្យសម្បត្តិគាត់ចំនួន៣លើកផ្ទួន ក្នុងរយៈពេលជាង១ខែ រាល់ពេលដែលគាត់និងភរិយាបិទទ្វារទុកចោល រួចនាំគ្នាចេញទៅបង្រៀនសិស្សនៅសាលា ដែលស្ថិតនៅក្នុងភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ តែជនដៃដល់ជាមនុស្សនៅក្នុងភូមិ ដែលសកម្មភាពរបស់ជននេះ គឺមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពទៀតផង ។

លោកជុំ ជាតិ អាយុ៣៣ឆ្នាំ និងភរិយាឈ្មោះ សុត ពិសី អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សា មួយកន្លែង នៅក្នុងភូមិ-ឃុំខាងលើ ។ លោកជុំ ជាតិ បានប្រាប់កោះសន្តិភាព កាលពីថ្ងៃទី០៣ មិនា ថា លំនៅឋានរបស់លោក ត្រូវបានជនដៃដល់គាស់កម្ទេចទ្វារ រួចចូលលួចយកទ្រព្យសម្បត្តិចំនួន៣លើកផ្ទួនៗ នៅពេលរូបលោកនិងភរិយាបិទទ្វារទុកចោល ហើយចេញទៅបង្រៀនសិស្សនៅសាលា ។

លោកគ្រូបង្រៀនរូបនេះបានប្រាប់ថា ការគាស់ទម្លុះទម្លាយចូលលួចលើកចុងក្រោយនេះ នៅវេលាម៉ោង៨និង៤៩នាទីព្រឹកថ្ងៃទី០៣ មីនា ។ នេះបើពិនិត្យមើលលើរូបភាព ដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលលោកបំពាក់នៅខាងមុខផ្ទះ។ គាត់បានបញ្ជាក់ថា លើកទី១-លោកមិនចាំថ្ងៃទេ តែបានកើតឡើងនៅក្នុងអំឡុងខែកុម្ភៈកន្លងទៅនេះ បាត់ប្រាក់ជាង៦០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង ។ លើកទី២ បានកើតឡើងនៅថ្ងៃទី២៨ កុម្ភៈ បាត់ខ្សែដៃប្លាទីន១ខ្សែ និង ម៉ូទ័រស្វាន១គ្រឿង និងលើកទី៣-នេះបាត់ម៉ូទ័រស្វានចំនួន១គ្រឿងទៀត។

លោកគ្រូ ជុំ ជាតិ បានបន្ថែមថា កាលដែលចោរគាស់ផ្ទះចូលលូចចំនួន២លើកដំបូង លោកនិងភរិយា មិនប្ដឹងទៅសមត្ថកិច្ចទេ គឺបានប្ដឹងត្រឹមលោកមេភូមិបឹងប្រីតែប៉ុណ្ណោះ ដើម្បីជ្រាបជាដំណឹង ។ ប៉ុន្តែដល់តែកើតឡើងលើកទី៣នេះ ទើបលោកសម្រេចចិត្ត ជិះម៉ូតូទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំស្នឹង ព្រោះទ្រាំមិនបាននឹងលោកចោរ ដែលគាស់ផ្ទះលួចទ្រព្យញឹកញាប់ពេក ។ ម្យ៉ាងទៀត ដោយសារសកម្មភាពលោកចោរប្រព្រឹត្តលើកចុងក្រោយនេះ លោកបានស្គាល់មុខយ៉ាងច្បាស់ផង គឺជាមនុស្សនៅក្នុងភូមិតែ
ម្ដង។

យោងលើរូបភាពជនដៃដល់ដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ជនដៃដល់ដ៏ព្រហើននោះ មានរាងស្គមពាក់អាវយឺត ដៃវែង ពណ៌ទឹកទឹកប៊ិច និងស្លៀកខោជើងវែងពណ៌ខ្មៅ ដែលមានអាយុប្រហែលជាង២០
ឆ្នាំ។ ជននេះ បានលបចូលសសៀរៗតាមជញ្ជាំង រួចធ្វើសកម្មភាពកាត់សោទ្វារចូលទៅក្នុងផ្ទះ ដើម្បីលួចយកទ្រព្យសម្បត្តិតែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា ក្រោយពីទទួលបានបណ្ដឹងជនរងគ្រោះ មន្ត្រីប៉ុស្តិ៍រដ្ឋបាលស្នឹង ក៏បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើការស្រាវជ្រាវភ្លាមៗដែរ ។ លោកស្នងការរងបានបញ្ជាក់ថា បើយោងតាមរូបភាពដែលបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់លោកគ្រូបង្រៀននោះ យើងអាចកំណត់មុខសញ្ញានោះបានហើយ ។ ជននោះដៃដល់ជាមនុស្សនៅក្នុងមូលដ្ឋាន ប៉ុន្តែជននេះបាននិងកំពុងគេចខ្លួន តែមន្ត្រីជំនាញកំពុងតាមចាប់ខ្លួនហើយ៕



អត្ថបទ៖ https://kohsantepheapdaily.com.kh/