គ្រូឧទ្ទេសអង់គ្លេសដែលមានបទពិសោធន៍៤០ឆ្នាំនឹងជួយចែករំលែកចំណេះដឹងថ្មីៗបន្ថែមដល់គ្រូបង្វឹកប្រដាល់សកលកម្ពុជា

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិ រយៈពេល៣ថ្ងៃ គឺថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយតំណាងសហព័ន្ធបានបង្ហាញក្តីរឹពឹងខ្ពស់ថា គ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ប្រដាល់សកល ៤០ឆ្នាំនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមដល់គ្រូបង្វឹកកម្ពុជាឲ្យទទួលបានលទ្ធផលល្អ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣១នាក់មកពីក្លិបកីឡាប្រដាល់សកលនៃរាជធានីខេត្តនានា ដើម្បីគោលដៅពង្រឹងគុណភាពគ្រូបង្វឹកទាំងអស់កាន់តែរឹងមាំបន្ថែមទៀត រួមចំណែកការអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះឲ្យកាន់តែប្រសើរបន្ថែមផងដែរ។ គ្រូបង្វឹកដែលមានសមត្ថភាពល្អនឹងយកចំណេះដឹងទៅបង្ហាត់បង្រៀនកីឡាករ កីឡាការិនីឲ្យកាន់តែមានបច្ចេកទេសខ្ពស់ៗ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងកីឡាប្រដាល់សកលប្រចាំសប្តាហ៍ និងព្រឹត្តិការណ៍ផ្សេងៗ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

លោកអគ្គលេខាធិការបន្ថែមទៀតថា ចំពោះគ្រូឧទ្ទេសប្រចាំវគ្គគ្រូបង្វឹកកម្រិតជាតិនេះ គឺលោក Russell Stutely ដែលជាជនជាតិអង់គ្លេសមានបទពិសោធន៍ខ្ពស់រយៈពេល ៤០ឆ្នាំមកហើយលើប្រភេទកីឡាប្រដាល់សកលនេះ។ តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ លោកដាក់ក្តីរំពឹងថា សិក្ខាកាម ដែលជាគ្រូបង្វឹកទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រភេទកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកម្រើន ខណៈការបង្រៀននេះមានការសិក្សាទាំងផ្អែកទ្រឹស្តី និងការអនុវត្តដោយផ្ទាល់ផងដែរ។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះទទួលបានការផ្តល់កិត្តិយសពីលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online