គ្រូនិងសិស្សអំពាវនាវជួយផ្តល់អគារសិក្សា ខណៈបច្ចុប្បន្នរៀនក្រោមសាលាឆាន់
ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាសាមគ្គីរង្សីបានអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសមេត្តាជួយផ្តល់អាគារសិក្សាចំនួន១ខ្នង៣បន្ទប់ដើម្បីឲ្យសិស្សានុសិស្សបានសិក្សា ខណៈបច្ចុប្បន្នសិស្សានុសិស្សរៀននៅក្រោមសាលាឆាន់មានការលំបាក ដោយសារថ្ងៃសីល មានប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យ ដូច្នេះសិស្សត្រូវខកខានរៀនសូត្រ។

បើតាមលោកអ៊ុ ឈន នាយកសាលាបឋមសិក្សាសាមគ្គីរង្សីដែលមានទីតាំងជាមួយនឹងវត្តសាមគ្គីរង្សី នៅក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប បានឲ្យដឹងថា សព្វថ្ងៃសាលាមានអគារសិក្សាចំនួន៣ខ្នងរួចហើយ ក្នុងនោះ២ខ្នងស្មើនឹង៨បន្ទប់ និង១ខ្នងទៀតមាន៣បន្ទប់ដែលមានសិស្សជាង៤០០នាក់កំពុងរៀនរាល់ថ្ងៃ ។ ក្នុងនោះ១បន្ទប់ធ្វើជាទីចាត់ការ និងបណ្ណាល័យ ។

លោកនាយកបានបន្តថា ដោយសារតែមានកំណើនអ្នកស្រុកច្រើន ដែលភាគច្រើនជាគ្រួសារកម្មកររោងចក្រដែលមានកូនតូចគ្រប់អាយុចូលរៀន ជាហេតុធ្វើអោយសិស្សមានចំនួនច្រើនពេក បណ្តាលឲ្យខ្វះអគារសិក្សាក៏ដូចជាបន្ទប់រៀនជាខ្លាំង ទើបសាលាបានរៀបចំឲ្យសិស្សថ្នាក់ខ្លះរៀននៅក្រោមកុដ្ឋិព្រះសង្ឃ និងក្រោមសាលាឆាន់ជាដើម។

ទោះជាយ៉ាងណាក្តី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូក៏ដូចជាអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាសាមគ្គីរង្សី សូមគោរពអំពាវនាវដល់សប្បុរជននិងថ្នាក់ដឹកនាំ សូមមេត្តាជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីសាលាមានលទ្ធភាពសាងសង់អាគារសិក្សាឱ្យបានមួយខ្នងថែមទៀត ដើម្បីឲ្យសិស្សបានរៀនសូត្រឱ្យបានត្រឹមត្រូវផង។

ពាក់ពន្ធ័ទៅនឹងការខ្វះបន្ទប់សិក្សាខាងលើនេះ លោកវ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកស្វាយទាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅសាលាបឋមសិក្សាសាមគ្គីរង្សីនេះពិតជាខ្វះបន្ទប់សិក្សា ឥឡូវកំពុងតែកៀងគររកសប្បុរសជនដើម្បីជួយកសាងបន្ទប់រៀនផងដែរ។

សូមបញ្ជាក់ថា សាលារៀនគឺជាថ្នាលបណ្តុះធនធានមនុស្សនិងផ្ដល់នូវចំណេះដឹង ហើយបច្ចុប្បន្នសាលារៀននៅក្នុងប្រទេសកម្ពុជា គេឃើញមានស្ទើរគ្រប់ទីកន្លែង មិនថាទីប្រជុំជននិងជនបទ ឬតំបន់ដាច់ស្រយាល ដោយឡែកសាលាបឋមសិក្សាសាមគ្គីរង្សីនេះមានការខ្វះខាតបន្ទប់រៀន សូមសប្បុរសជនមេត្តាផ្តល់អគារ១ខ្នងមាន៣បន្ទប់ដើម្បីសិស្សបានរៀនសូត្រស្រួលផង៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទ៖ https://kohsantepheapdaily.com.kh/