គ្រឿងញៀនជាង១០គីឡូក្រាម ត្រូវបានដុតកំទេចចោល នៅក្នុងខេត្ដសៀមរាប

សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE និងប្រភេទមេតំហ្វេតាមីន WY ចំនួនប្រមាណជាង១០គីឡូក្រាម ដែលបានរឹបអូសមកពីខេត្ដចំនួនបីរួមមាន ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន ដុតបំផ្លាញចោល ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិមប្រយុទ្ធប្រឆាំងគ្រឿង នៅខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

ឯកឧត្ដម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា ការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន សរុបជាង១០គីឡូក្រាម ដែលបានមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងទាំង៣ខេត្តចំនូន៣ រួមមាន ៖ ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ នាពេលនេះ គឺដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាពឲ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស ការបង្ក្រាបបទល្មើសនេះ បានធ្វើឲ្យមានសន្ដិសុខល្អក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥នាពេលកន្លងទៅ ខណៈដែលការប្រើប្រាស់គ្រឿងញៀនកន្លងមក បានបង្កឲ្យមានបទល្មើសនានាដែលកើតមានឡើងនៅក្នុងសង្គមដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួចឆក់ ប្លន់ ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ និងបង្កអសន្តិសុខជាច្រើនដល់សង្គមជាតិទាំងមូលផងដែរ ។

ឯកឧត្ដមបន្ដថា បរិមាណគ្រឿងញៀនជាច្រើននេះ ត្រូវបានក្រុមឧក្រិដ្ឋជនយកមកធ្វើអាជីវកម្ម ធ្វើជាជំនួញរបស់ខ្លួន ដើម្បីស្វែងរកប្រាក់ចំណូល ដោយបានពង្វក់ស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្ត ឲ្យហ៊ានសាកល្បង ដោយចាប់ផ្តើមដំបូងពីការប្រើប្រាស់ រហូតឈានទៅដល់ការប្រព្រឹត្ត អំពើនៃការចាត់ចែង ការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរដោយខុសច្បាប់ ដោយសារឥទ្ធិពលនៃគ្រឿងញៀននេះ ហេតុនេះសូមឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលបទល្មើសគ្រឿងញៀនត្រូវបានឧក្រិដ្ឋជន នៅបន្ដធ្វើការជួញដូរដោយមិនទាន់មានការថយចុះនៅឡើយទេ។

ឯកឧត្ដម មាស វិរិទ្ធ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តសៀមរាប សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចងចាំថា គ្រឿងញៀនបំផ្លាញស្មារតី បំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារអ្នកសហគមន៍ និង សង្គមជាតិទាំងមូល ប៉ុន្តែផ្ទុយទៅវិញបើយុវជន យុវនារីយើង គាត់ជ្រើសរើសយកការប្រើប្រាស់គ្រឿងញៀននោះ នឹងនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សក្នុងសង្គមជាតិ ។

លោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដសៀមរាប បានបង្ហាញថា ការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀននាពេលនេះ មានសារធាតុញៀនសរុបរួមមាន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ១០.៨៣៧,៤៨ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៤៦,១១ ក្រាម ដែលបានរឹបអូសមកសរុបចំនួន ២០៩ករណី ក្នុងនោះ ៖ រឹបអូសចេញពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៩៥៧ក្រាម ទាំងសំបក ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ៥៩ ក្រាមទាំងសំបក , មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានសារធាតុញឿនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន៤០៦៨,១ក្រាមទំាងសំបក) និងមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ចំនួន ៥៨១២,៤៧ក្រាម និងប្រភេទថ្នាំគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន ៨៧,១១ ក្រាម៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online