គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹងនៅស្រុកវាលវែង

ខេត្តពោធិ៍សាត់: នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង លោកវរសេនីយ៍ឯក.ធាង ឡេង អធិការ នគរបាលស្រុកវាលវែង បានឱ្យដឹងតាមទូរស័ព្ទថា ករណីខាងលើនេះបានកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ករណីនេះបង្កឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ករណីនេះមិនបង្កឱ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។

លោកវរសេនីយ៍ឯក.ធាង ឡេង អធិការ នគរបាលស្រុកវាលវែងបានឱ្យដឹងទៀតថា ក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើទៅបាននៅលើស្ពានថ្មកំពុងសាងសង់ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ៕