ឃាតករជាឪពុក​និងជាប្តី​ដែលបានសម្លាប់សមាជិកគ្រួសារ៥នាក់ នៅខេត្ត​កំពង់ឆ្នាំង​ ត្រូវ​បានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត

អង្គភាពការពារកុមារ:​ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមជាវត្តមាននៅក្នុងបន្ទប់សាវណាការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់ការប្រកាសសាលក្រមចំពោះ បុរសអាយុ៣៩ឆ្នាំ ឈ្មោះ នន់ ចាន់សារ៉េត ពីបទឃាតកម្មទៅលើប្រពន្ធ និងកូនៗ៤នាក់របស់ខ្លួន ដែលមានអាយុ ៩ឆ្នាំ, ៧ឆ្នាំ (កូនភ្លោះ), និង៣ឆ្នាំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្នុងពេលប្រកាសសាលក្រម លោកចៅក្រម អ៊ី ថាវរៈ បានមានប្រសាសន៍ថា “បទល្មើសទាំងនេះគឺពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ហើយសមស្របជាមួយទម្ងន់ទោសដែលខ្ពស់បំផុត។” នៅពេលនោះ ជនល្មើសត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។ ទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានន័យថាជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឧកាសក្នុងការលើកលែងទោស ឬនៅក្រៅការឃុំឃាត់។

ក្រុមការងារចម្រុះ “INDIA21” ដែលត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាង អង្គភាពការពារកុមារ (CPU), ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត, និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានធ្វើការជាបន្តបន្ទាប់អស់រយៈពេល ៣ថ្ងៃ ដើម្បីប្រម៉ូលគ្រប់ភស្តុតាងដែលមាននៅកន្លែងកើតហេតុ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឯកទេសផ្នែកកោសល្យវិច័យសាកសព និងផ្នែកអគ្គីភ័យ និងសារធាតុផ្ទុះ នៅប្រទេសអូស្ត្រាលី ដើម្បីរៀបឡើងនូវសំណុំរឿងដែលល្អបំផុត ដើម្បីដាក់បន្ទុកលើជនល្មើស។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ដែលបានដឹកនាំការឆ្លើយតបរបស់ក្រុមការងារ CPU បាននិយាយថា “ចាប់តាំងពីយើងបានធ្វើកោសល្យវិច័យសាកសព និងកន្លែងកើតហេតុ លើកដំបូង យើងបានយល់ឃើញថាមានចំនុចគួរអោយសង្ស័យជាច្រើន ហើយដំណើររឿងរបស់ជនសង្ស័យអំពីមូលហេតុផ្តើមអគ្គីភ័យ និងស្ថានភាពកន្លែងកើតហេតុគឺមិនសមស្របនឹងគ្នា។”

“ការបាត់បង់ជីវិតរបស់កុមារជាច្រើននាក់បែបនេះគឺជាទង្វើដ៏ឃោរឃៅមួយ ដែលបានប៉ះពាល់ដល់យើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានជួយក្នុងការស៊ើបអង្កេតមួយនេះ ដោយមានការប្តេជ្ញារបស់អ្នកទាំងអស់គ្នាទើបយើងអាចប្រម៉ូលភស្តុតាងដាក់បន្ទុកទៅលើជនល្មើស ចំពោះទង្វើដ៏ឃោរឃៅមួយនេះ។” លោក James McCabe បានបន្ត។

“នេះគឺជាការបំពេញតួនាទីដ៏អស្ចារ្យមួយ ដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដែលបានធ្វើអោយប្រាកដថា កុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។” លោក James McCabe បាននិយាយបន្ថែម។

នៅក្នុងថ្ងៃនេះ ឯកឧត្តម លោកចៅក្រម អ៊ី ថាវរៈ បានផ្តន្ទាទោសជនល្មើស ជាមួយស្ថានទម្ងន់ទោសដែលសមស្របទៅនឹងទង្វើដែលគេបានប្រព្រឹត្ត ហើយខ្ញុំសូមថ្លែងអំណរគុណទៅដល់តុលាការ ចំពោះមុខអោយជនរងគ្រោះ និងក្រុមគ្រួសាររបស់គេ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online