ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា០២នាក់ ពីបទលួចស្នាក់នៅខុសច្បាប់ និងគ្មានលិខិតឆ្លងដែន

រាជធានីភ្នំពេញ: នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស០២នាក់ ពីកំម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក ពីបទលួចស្នាក់នៅខុសច្បាប់ និងគ្មានលិខិតឆ្លងដែន៖
១-ឈ្មោះ AHAMEFULA EKEZIE STAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (គ្មានលិខិតឆ្លងដែន) ជននេះចូលមកព្រះរាជាណាចក្រកម្ពុជានៅខែមករា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចូលមកព្រះរាជាណាចក្រកម្ពុជាដំបូងជាកីឡាករបាល់ទាត់បានរយៈពេល០២ខែ មកដល់បច្ចុប្បន្នគ្មានការងារធ្វើ) ស្នាក់នៅផ្ទះលេខ៣២ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ MBANZE CRISTIANO SALOMAO ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិមូសាំប៉ិច លិខិតឆ្លងដែនលេខ15AL71103 មុខរបរមិនពិតប្រាកដ (ទិដ្ឋាការស្នាក់នៅផុតកំណត់នៅថ្ងៃទី១១.១០.២០១៨) ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១:៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនបរទេស ចំនួន០២នាក់ប្រុស ពីបទស្នាក់នៅខុសច្បាប់ នៅចំណុចផ្ទះលេខ៣២ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (នៅថ្ងៃទី២៤.០៧.២០២០ កម្លាំងបានបញ្ជូនជននេះទៅពិនត្យសុខភាពនៅមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ រកមេរោគកូវីដ ជាលទ្ធផលអវិជ្ជមាន) ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។