ឃាត់ខ្លួនជនល្មើសបានហើយ ករណីឃាតកម្ម ប្រើកាំបិតចិតត្នោត ចាក់ប្រពន្ធបណ្តាលឲ្យស្លាប់
កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:២០នាទី នៅចំណុចភូមិដូនរត្ន័ សង្កាត់ចំការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេចខ្លួនបាត់។



នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។




ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថាខ្លួនពិតជាបានប្រើកាំបិតចិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា ភេទ ស្រី អាយុ ២៣ ឆ្នាំជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែមូលហេតុប្រច័ណ្ឌ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យឱ្យស្នងការរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ។