ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ការបូប)
ខេត្តតាកែវ ៖ នៅថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ការបូប)កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ តាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ កែន វិបុល ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានឱ្យដឹងថាខណៈពេលខ្លួនកំពុងជិះម៉ូតូទៅធ្វើការនៅរាជធានីភ្នំពេញ ដល់ចំណុចកើតហេតុត្រូវបានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួនបានសម្រេចហើយ ជនសង្ស័យបានជិះរត់គេចខ្លួនចូលតាមផ្លូវលំវត្តពូនភ្នំ។ ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតីវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនជនសង្ស័យចំនួន៣នាក់មានទី១ឈ្មោះ ម៉េង លាងភើម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(អ្នកឆក់) ទី២ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (អ្នកបើកម៉ូតូ)និងទី៣ឈ្មោះ ហ៊ន សិលា ភេទប្រុស អាយុ១៨ឆ្នាំរសនៅភូមិ ឃុំជាមួយគ្នា(រួមដំណើរ) និងដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុយគី និច ដែលជិះធ្វើសកម្មភាព។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះពិតប្រាកដមែន ដោយក្នុងការបូបមានទូរស័ព្ទដៃ២គ្រឿង និងថវិការ៤ម៉ឺនរៀល។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
