ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ជាមុខសញ្ញាលួចម៉ូតូនិងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន
ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទី ក្រោយការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៣នាក់ជាមុខសញ្ញាលួចម៉ូតូ(សកម្ម)និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន។ជនសង្ស័យខាងលើមានទី ១/.ឈ្មោះ ចែម សារ៉េត ហៅប៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ទី២/.ឈ្មោះ ត្រុក រិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី៣/.ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀន ០៤កញ្ចប់តូច ម៉ូតូ ០៦គ្រឿង ផ្លាកលេខម៉ូតូ ០២ ដាវសាម៉ូរ៉ៃ ០១ ប្រដាប់កាច់កម៉ូតូ គ្រឿងបន្លាស់ម៉ូតូ និងសម្ភារមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី។
