ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្អូនបង្កើតយកកាំបិតចុងស្រួច ចាក់ទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត
មណ្ឌលគិរី÷ កាលពីយប់ ថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក.ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ២១ និង០០នាទី មានករណីអំពើឃាតកម្មមួយ បានកើតឡើងនៅត្រង់ចំណុចផ្ទះចាំចំការមួយកន្លែងស្ថិតនៅក្រោយ អង់តែន ០១២ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បណ្ដាលអោយស្លាប់បាត់បង់ជិវិតមនុស្សចំនួន ០១នាក់ នៅកន្លែងកើតហេតុ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ជា សុផល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានជនសង្ស័យ ឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើ ត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២ ស.ម បណ្តោយ៤,៥ ស.ម ជម្រៅ ៧,៥ស.មបណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកេីតហេតុ។
ប្រភពដដែលបានឲ្យដឹងទៀតថា បណ្តាលមកពីការផឹកស៊ីស្រវឹងស្រា ទាស់ពាក្យសំដីគ្នា រឿងមិនជួយបណ្តេីរម៉ូតូមកពីកន្លែងផឹក ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងតាមនិតីវិធី៕