ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង​ មានការសម្របសម្រួលនីតិវិធី​ ពី​ ឯកឧត្តម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)​ នៅចំណុចភូមិស្តុក​ ឃុំកុមារាជា​ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ព្រឹម រដ្ឋា ហៅប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសខ្នាយ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីជនរងគ្រោះឈ្មោះ កែវ មុន្នីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ថាត្រូវបានជនសង្ស័យខាងលើ រួមនឹងបក្សពួក ៣ នាក់ផ្សេងទៀត ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួននៅចំណុចភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មក លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញចុះអន្ដរាគមន៍ភ្លាមៗ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ឃុំកណ្តឹង ឃុំកុមារាជា ឃុំលំពង់ រួមនិងប្រជាការពារ ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ និងដកហូតមធ្យោបាយធ្វើសកម្មភាព ម៉ូតូធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ឡើងតែម២០២១ ដែលពាក់ស្លាកលេខ ភ្នំពេញ 1FT:2085។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច កម្លាំងនគរបាលក៏បានសាកសួររកបក្ខពួក ផ្សេងទៀតរបស់ជនល្មើស រួមមាន ១.ឈ្មោះ រឿន ចន្ថា ហៅ តន ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (គេចខ្លួន) ២.ឈ្មោះ ង៉ូវ ភេទប្រុស អាយុ ប្រហែល ២៥ឆ្នាំ មិនស្គាល់អាយ័យដ្ឋាន (គេចខ្លួន) និង៣.ឈ្មោះ ដេត ភេទប្រុស អាយុ ប្រហែល ២៥ឆ្នាំ មិនស្គាល់អាស័យដ្ឋាន (គេចខ្លួន)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនល្មើសតាមនីតិវិធី។ រីឯជនសង្ស័យ ដែលបានគេចខ្លួន កម្លាំងជំនាញកំពុងស្វែងរកកំណត់អត្តសញ្ញាណ ដើម្បីចាប់ខ្លួនបន្ដ៕

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online