ឃាត់ខ្លួនជនសង្ស័យ៤នាក់ តាមដីកាសាលា ដំបូងខេត្តបន្ទាយមានជ័យ ពីបទញុះញុងឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍

បន្ទាយមានជ័យ: ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងស្រុកម៉ាឡៃ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ តាមដីកាសាលាដំបូងខេត្ត ពាក់ពន្ធ័ករណី ដើរធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋផ្តិតស្នាមមេដៃក្លែងក្លាយដើម្បីទាមទារប្រឆាំងនឹងការដោះស្រាយដីធ្លីចំនុច៦៧១ នៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោយសួរនាំនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំង៤ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ១-ឈ្មោះ មាស សយ ភេទប្រុស អាយុ៦៣ឆ្នាំ ២-ឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ៣-ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ និង៤-កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ។ ពួកជនសង្ស័យបានឃាត់ខ្លួនតាមដីការបស់តុលាការ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ពាក់ពន្ធ័ករណីនេះលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានមានប្រសាសន៍ថា យោងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនពួកជនសង្ស័យបានសម្រេច។ ការឃាត់ជនសង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីពួកគេ បានធ្វើសកម្មភាពដើរញុះញុងឲ្យប្រជាពលរដ្ឋនៅ ប្រឆាំងជាមួយអាជ្ញាធរ និងក្រុមការងារដោះស្រាយវិវាទដីធ្លី ដែលបានដោះស្រាយបញ្ចប់វិវាទ និង បានបែងចែកដីធ្លីបញ្ចប់រួចរាល់ហើយ។

បច្ចុប្បន្ន ក្រោយសួនាំ ជនសង្ស័យទាំង៤ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online