ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលប្រព្រឹត្តកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា
ខេត្តតាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក យុង ញីវ និងលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម ដែលប្រព្រឹត្តកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង១៣នាទីរំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ជនសង្ស័យខាងលើមាន៖

ទី១៖ ឈ្មោះ ប៉ុល ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រចាប់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ និងទី២៖ ឈ្មោះ ឡាច កក្កដា ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ជាអ្នកបេីកបរម៉ូតូ)។ សូមរំឭកផងដែរថា មានករណីឃាតកម្មមួយបានបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពដោយយកកាំបិតមុតស្រួចចាក់ទៅលេីជនរងគ្រោះ ឈ្មោះ ឡុង សុខា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅភូមិ-ឃុំកេីតហេតុខាងលើ បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្រោយពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕