ឃាត់ខ្លួនបុរសម្នាក់ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីល្មើសច្បាប់
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយមានជាប់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ស្មាន អៃយូប ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្រែ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់ និងទូរស័ព្ទដៃចំនួនមួយគ្រឿង ។
តាមប្រភពពីនគរបាលជំនាញអធិការនគរបាលស្រុកព្រៃនប់បានអោយដឹងថា ក្រោយពីតាមដានច្បាស់លាស់ ទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអូរជ្រៅ បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងនៅចំណុចភូមិឃុំខាងលើ រួចនាំខ្លួនយកទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/