ឃាត់ខ្លួនបុរសម្នាក់និងដកហូតវត្ថុតាងជាច្រើនប្រភេទ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ មករា នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តែសមត្ថកិច្ចរឹបអូសបានវត្ថុតាងដទៃទៀតជាច្រើនប្រភេទ ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម។

យោងតាមរបាយការណ៍លោកពេជ្រ សារ៉េន អធិការស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ
អ៊ូន ណុប អាយុ៣៤ឆ្នាំ រស់នៅចំណុចភូមិ-ឃុំខាងលើ។ ជននេះ ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនតាមឃាត់ខ្លួនបាន នៅពេលកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្ដែង ។ លោកអធិការបានបញ្ជាក់ថា កម្លាំងជំនាញបានកំណត់ជននេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ប៉ុន្តែបន្ទាប់ពីឃាត់ខ្លួនដកហូតបានគ្រឿងញៀនមួយចំនួន ដែលជននេះរក្សាទុកជាប់ខ្លួន កម្លាំងជំនាញក៏បានរកឃើញវត្ថុតាងជាច្រើនទៀត ដែលលាក់ទុកនៅឯផ្ទះ ហើយវត្ថុតាងទាំងនោះយើងសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មទៀតផង។
នៅក្នុងកំណត់ហេតុដកហូត វត្ថុតាងដែលកម្លាំងអធិការស្រុកសំពៅលូនដកហូតពីជនសង្ស័យមានដូចជា ថ្មញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១ថង់, កូនជញ្ជីងថ្លឹងគ្រឿងញៀន១, សម្ភារ:វិចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន, លុយខ្មែរជាង២លានរៀន, លុយថៃជាង២,២០០០បាត, លុយដុល្លា១៧៥ដុល្លា, កូនកាំបិទស្នៀត៣, ពូថៅ២, ម៉ូទ័រឆក់ត្រី ម៉ូទ័រកាត់ ម៉ូទ័រស្វាន ប៉ុសផ្សាដែក, ស្នប់សប់កង់៣, បំពង់បូមខ្យល់៧, កាណុងកាំភ្លើង១ដើម, កាំភ្លើងខ្លីបាញ់គ្រាប់កង់១ដើម, កាំភ្លើងវែវកែច្នៃបាញ់គ្រាប់កង់១ដើម និង គ្រាប់កង់មួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ូន ណុប បានសារភាពទទូលស្គាល់វត្ថុតាងដែលមន្ត្រីជំនាញបានដកហូតទាំងអស់នោះហើយ ។ រីឯសមត្ថកិច្ចបាននិយាយដែរថា បើតាមចម្លើយសារភាព វត្ថុតាងមួយចំនួនក្រៅពីគ្រឿង គឺជារបស់ខ្លួន តែមួយចំនួនទៀតអាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មដែនជននេះបានប្រព្រឹត្ត ។ ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងសាកសួរជនសង្ស័យបន្តទៀត ដើម្បីស្រាវជ្រាវរកប្រភពនៃវត្ថុតាងទាំងនោះ មុនពេលកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះនិងវត្ថុតាងទៅតុលាការ៕

អត្ថបទ៖ https://kohsantepheapdaily.com.kh/