ឃាត់ខ្លួនប្រុសស្រី២នាក់ទៀត ក្រោយផ្ទុះអាវុធច្រើនគ្រាប់ក្នុងខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ជនជាតិចិនតៃវ៉ាន់១ក្រុម ដែលគេមានការសង្ស័យថា មានទំនាស់គ្នារឿងគ្រឿងញៀន បានបង្កហិង្សា ផ្ទុះអាវុធគំរាមគ្នាឯងប្រមាណជាង៣០នាក់ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបូរីមួយកន្លែង ហើយជិះរថយន្តគេចខ្លួនបាត់ស្រមោល។ លុះក្រោយមកត្រូវបាន សមត្ថកិច្ចខណ្ឌសែនសុខនិងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន២នាក់ដែលជាអ្នកផ្សំគំនិត ។
ហេតុការណ៍ផ្ទុះអាវុធកណ្តាលក្រុងនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៨ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានអោយដឹងថា បន្ទាប់ពីមានការផ្ទុះអាវុធដូចក្នុងសមរភូមិ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ក៏បានចុះទៅកន្លែងកើតហេតុ តែហួសពេល ដោយសារក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ ព្រោះក្រុមសន្តិសុខបានផ្តល់ព័ត៌មានយឺតយ៉ាវ ។ ខណះនោះ នគរបាលបានរើសសំបក់គ្រាប់ បានចំនួន៣២គ្រាប់ ដកហូតបានកាំភ្លើងខ្លីម៉ាកឡុកចំនួន២ដើមដែលក្រុមជនសង្ស័យ បាញ់អស់គ្រាប់ ហើយបន្សល់ទុក។ នៅកន្លែងកើតហេតុមានស្នាមឈាម ដែលគេសង្ស័យថា មានអ្នករងរបួសក្នុងការផ្ទុះអាវុធនោះ ក្រៅពីនោះសមត្ថកិច្ចក៏បានដកហូតគ្រឿងញៀន និងសម្ភារៈកែច្នៃគ្រឿងញៀនជាច្រើនទៀតផងដែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ដែលជាជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នាប្រមាណ៣ទៅ៤នាក់ មានទំនាស់គ្នា ហើយក៏បានប្រើហិង្សា ដកកាំភ្លីខ្លីបាញ់គំរាមគ្នាតែអ្នកខ្លះថា ដកកាំភ្លើងបាញ់គ្នាតែម្តង ។ ទាក់ទិននឹងការផ្ទុះអាវុធនេះ សមត្ថកិច្ច មានការសង្ស័យថា ក្រុមជនជាតិចិនតៃវ៉ាន់មានទំនាស់គ្នាឯងរឿងគ្រឿងញៀនរួចក៏បានបាញ់ប្រហារគ្នា ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីមានការផ្ទុះអាវុធ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ CHIANG CHUN YI ភេទប្រុស អាយុ៤០ឆ្នាំ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ម្តុំមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងដកហូតបានរថយន្តមួយគ្រឿងម៉ាកឡិចស៊ិស ពណ៌ខ្មៅ និងឈានទៅនាំខ្លួននារីជាជនជាតិចិនតៃវ៉ាន់ម្នាក់ទៀតផងដែរ។
ជនសង្ស័យស្រីប្រុសទាំង២នាក់ត្រូវបាននគរបាលឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅអធិការដ្ឋាន ខណ្ឌសែនសុខដោយអះអាងថា ជាអ្នកផ្សំគំនិត ។ ចំណែកជនដៃដល់ដែលសង្ស័យថា ជាក្រុមជួញដូរគ្រឿងញៀនបានគេចខ្លួនបាត់នៅឡើយ ។ ទោះបីជាយ៉ាងណា នគរបាលខណ្ឌសែនសុខ ពុំបានផ្តល់ព័ត៌មានជុំវិញការផ្ទុះអាវុធខាងលើនោះឡើយ៕
ប្រភព៖ https://kohsantepheapdaily.com.kh/