ឃាត់ខ្លួនបុរស៤នាក់ពាក់ព័ន្ធករណីល្មើសច្បាប់
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលបានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ករណីចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្បែរស្ពានអូរតាវ៉ៅ ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះ សន វី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះ សោ ប៉ាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ (ជាអ្នកប្រើប្រាស់) ៣-ឈ្មោះ ខិន ខៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ។ អ្នកទាំង២នាក់ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន (ជាអ្នកប្រើប្រាស់) និង៤-ឈ្មោះ វ៉ាន់ គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ជួញដូរ និងប្រើប្រាស់) ។
ចំណែកវត្ថុតាង និងសម្ភារៈដែលដកហូតរួមមាន ម៉ាទឹកកក (ICE) ចំនួន១កញ្ចប់តូច, ដបសម្រាប់ជក់ និងអំពូលទែរម៉ូម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/