ឃាត់់ខ្លួនជនសង្ស័យ ជនជាតិឡាវ កំពុងនាំយកគ្រឿងញៀនចូលមកកម្ពុជា ចំនួន៥កញ្ចប់ធំទម្ងន់ប្រហែល៥ គីឡូក្រាម ត្រង់ចំណុចកំពង់ទូក
ស្ទឹងត្រែង៖ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឃាត់់ខ្លួនជនសង្ស័យ កំពុងនាំយកគ្រឿងញៀនចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូក ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ភិត ងិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) កម្រិតវប្បធម៌ ថ្នាក់ទី៣ មានស្រុកកំណើតនៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។រីឯវត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(ICE)



លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ គឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមអស់មួយរយ:ពេលមកហើយ ទើបលោកដឹកនាំកម្លាំងសហការគ្នាចុះធ្វើការបង្រ្កាបតែម្តង។
លោកថា ក្នុងពេលបង្រ្កាបនោះ ជនសង្ស័យ បានប្រទាញប្រទង់គ្នាជាមួយសមត្ថកិច្ច ហើយរើបម្រាស់ដើម្បីរត់គេចខ្លួន តែសមត្ថកិច្ចមិនបណ្តោយឱ្យជនសង្ស័យគេចខ្លួនសម្រេចនោះឡើយ ។បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវ រួមនឹងវត្ថុតាងបទល្មើសគ្រឿងញៀនមេតំហ្វេតាមីន(ICE)ទាំងចំនួន៥កញ្ចប់ធំ ត្រូវបានសមត្ថកិច្ច បានរៀបចំវេចខ្ចប់ និងបានកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី៕