ឃើញដើរនិយាយទូរស័ព្ទ ក៏ធ្វើសកម្មភាពដាក់នាង ថែមទាំងអូស២០០ម៉ែត្រទៀត
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឱ្យអាណិតក្មេងស្រីអាយុ១១ឆ្នាំម្នាក់រងរបួសធ្ងន់ ដោយសារអូសតាមម៉ូតូចម្ងាយប្រមាណ២០០ម៉ែត្រ ព្រោះតែចោរឆក់ទូរស័ព្ទពេលកំពុងនិយាយ ប៉ុន្តែសំណាងមកដល់កន្លែងរោងបុណ្យមានមនុស្សអ៊ូអរច្រើន ហើយត្រូវប្រជាការពារ និងប្រជាពលរដ្ឋស្ទាក់ចាប់ជាប់ និងដកហូតវត្ថុតាងមកវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨និង២២នាទីយប់ ថ្ងែទី៦ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ នឿន ណាល់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជិះម៉ូតូ១គ្រឿងម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស្រ៊ុន សុភានី អាយុ១១ឆ្នាំ។

សមត្ថកិច្ចមូលដ្ឋានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកឆ្លាម មកពីទិសខាងត្បូងមកជើង លុះមកដល់ចំណុចខាងលើក៏ជួបនឹងក្មេងស្រីរងគ្រោះដែលកំពុងដើរបណ្តើរ និយាយទូរស័ព្ទតាមផ្លូវហៅឪពុកឱ្យមកឌុបទៅផ្ទះវិញបណ្តើរ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីរងគ្រោះ រួចបំរុងជិះម៉ូតូរត់គេចខ្លួន តែពេលនោះសំពត់រ៉ូបក្មេងស្រីរងគ្រោះបានប៉ើងចូលទៅក្នុងច្រវ៉ាក់កង់ម៉ូតូខាងក្រោយជាប់ ក៏អូសក្មេងស្រីរងគ្រោះទៅជាមួយតែម្តង ស្របពេលនោះក្មេងស្រីរងគ្រោះក៏បានស្រែកហៅឱ្យគេឯងជួយផងដែរ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា ពេលដែលម៉ូតូបានអូសយកក្មេងស្រីរងគ្រោះទៅជាមួយចម្ងាយប្រមាណ២០០ម៉ែត្រ ហើយដោយសារតែក្មេងស្រីរងគ្រោះបានស្រែកផងនោះ លុះមកដល់មុខរោងបុណ្យកំពុងមានមនុស្សច្រើន ព្រមទាំងប្រជាការពារនៅការពារទីនោះផង ក៏ជួយអន្តរាគមន៍តាមចាប់ឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសួរនាំ។

លោកវីរសេនីយ៍ទោ សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃទី៧ ខែមករានេះ ជនសង្ស័យឆក់ទូរស័ព្ទដៃត្រូវបានជំនាញកំពុងតែសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)


ប្រភព៖ https://kohsantepheapdaily.com.kh/