ចង់លឿនរៀងៗខ្លួន! ឡានដឹកដី២គ្រឿងកៀបជាប់គ្នាកណ្តាលផ្លូវជាតិ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកដី២គ្រឿងក្នុងចំណោម៣គ្រឿងបានកៀបជាប់គ្នានៅកណ្តាលផ្លូវជាតិលេខ៥៨ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ អ្នកស្រុកដាក់ការសង្ស័យថាអាចមកពីជែងគ្នាចង់លឿនរៀងខ្លួន ។

រថយន្តទាំង៣គ្រឿងខាងលើគេស្គាល់ម៉ាកតែ២គ្រឿងតែប៉ុណ្ណោះ គឺមួយគ្រឿងម៉ាកហ៊ីណូ និង១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ។ រថយន្ត២គ្រឿងនេះបានគៀបជាប់គ្នាកណ្តាលផ្លូវជាតិ៥៨បង្កការកកស្ទះជាង២ម៉ោង សម្រាប់រថយន្តធុនធំមិនអាចធ្វើដំណើរឆ្លងកាត់បានទេ។

រថយន្តម៉ាកហ៊ីយ៉ានដាយផ្ទុកដីពេញទើបបើកចេញពីផ្លូវលំឡើងផ្លូវជាតិមិនទាន់ផុតផង ស្រាប់តែរថយន្តម៉ាកហ៊ីណូទៅដល់ បណ្តាលឱ្យប៉ះ និងកៀបគ្នានៅកន្លែងកើតហេតុតែម្តង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ពេលរថយន្តម៉ាកហ៊ីយ៉ាន់ដាយកំពុងបត់ឡើងលើផ្លូវជាតិក៏មានរថយន្តមួយគ្រឿងផ្សេងទៀតបើកបរស្របទិសមកពីលិច តែខាងមុខ រថយន្តម៉ាកហ៊ីណូប្រុងបត់ចូលទៅផ្លូវលំនោះដែរ។

តាមប្រភពពីអ្នកបើកបររថយន្តម៉ាកហ៊ីណូបាននិយាយថា បើនិយាយពីផ្លូវអាទិភាពគឺគាត់ត្រូវហើយថែមទាំងអះអាងថា គាត់ចេះច្បាប់ចរាចរបានចូលរៀនសាលាបើកបរ និងមានប័ណ្ណបើកបរត្រឹមត្រូវទៀតផង។

ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពុំមានកាឆ្លើយតបអ្វីចំពោះកាអះអាងរបស់ភាគីខាងរថយន្តម៉ាកហ៊ីណូទេ គឺបានត្រឹមតែទុករថយន្តឲ្យជាប់គាំងកណ្តាលផ្លូវជាតិនាំគ្នាឈរមើលប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណា ករណីខាងលើមិនបានរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទេ លុះជាង២ម៉ោងក្រោយមកអ្នកបើកបររថយន្តទាំង២នាំគ្នាឡើងបើករថយន្តចេញទៅរៀងៗខ្លួន ត្រូវបានគេសង្ស័យថា ម្ចាស់ក្រុមហ៊ុនរថយន្តដឹកដីទាំងសងខាងទាក់ទងចចារគ្នាតាមទូរស័ព្ទដើម្បីបញ្ចប់បញ្ហាក៏ថាបាន។
គួរបញ្ជាក់ថា ករណីរថយន្តដឹកដីចេញពីភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅពិសេសបើកបរលើផ្លូវជាតិលេខ៥៨កន្លងមកក៏ធ្លាប់រងការិះគន់ពីអ្នកស្រុកយ៉ាងខ្លាំងផងដែរ ព្រោះតែក្រុមអ្នកបើកបររថយន្តដឹកដីទាំងនេះបើកលឿនៗ ហើយពេលខ្លះប្រជែងគ្នាមិនគិតពីកាបង្កគ្រោះថ្នាក់ដល់អ្នកដទៃនៅថ្ងៃណាមួយទៀតផង៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/